កម្ពុជាបានចេញបទបញ្ជាបិទច្រកចេញចូលទាំងអស់នៅតាមបណ្ដោយព្រំដែនជាមួយប្រទេសវៀតណាមជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូរ៉ូណ COVID-19។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី18 ខែមីនា ឆ្នាំ2020 បានឱ្យដឹងថា បទបញ្ជាខាងលើនេះ នឹងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា ចូលទៅប្រទេសវៀតណាម ហើយក៏មិនអនុញ្ញាឱ្យពលរដ្ឋវៀតណាម ចូលមកទឹកដីកម្ពុជានោះដែរ គិតចាប់ពីម៉ោង 23ៈ59នាទី នៃយប់ថ្ងៃទី20មីនា ឆ្នាំ2020។
“វិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឱ្យបង្ខាំងខ្លួននៅដាច់ដោយឡែកពីគេចំនួន14ថ្ងៃ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅវៀតណាម” នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
វិធានការខាងលើនេះ នឹងមិនអនុវត្តចំពោះពលរដ្ឋកម្ពុជា និងពលរដ្ឋវៀតណាម ដែលប្រើប្រាស់លិខិតឆ្លងដែនការទូតនោះទេ។
គិតមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន 37នាក់ ក្នុងនោះមានជនជាតិចិន1នាក់ អង់គ្លេស3នាក់ កាណាដា1នាក់ ប៊ែលហ្ស៊ិក1នាក់ បារាំង2នាក់ ម៉ាឡេស៊ី5នាក់ ខ្មែរ24នាក់។ ចំណែកប្រទេសវៀតណាមវិញ ក៏បានរកឃើញអ្នកជំងឺសរុប 75ករណី ក្នុងនោះមាន16ករណីបានជាសះស្បើយកាលពីខែមុន និង59នាក់ទៀត កំពុងទទួលការព្យាបាល ក្នុងនោះដែរ មាន20នាក់នៅក្នុងរដ្ឋធានីហាណូយ។ វៀតណាមបច្ចុប្បន្ន មានខេត្តក្រុងចំនួន15 មានករណីផ្ទុកមេរោគកូរ៉ូណា៕