តំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋម្នាក់ បានក្លាយជាសមាជិកសភាដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានឆ្លងមេរោគកូរ៉ូណ COVID-19។
CNN កាលពីថ្ងៃទី18មីនា បានចេញផ្សាយថា តំណាងរាស្ត្រនៅសភាជាន់ទាបក្នុងរដ្ឋ Florida មកពីបក្សសាធារណរដ្ឋ លោក Mario Diaz-Balart បានក្លាយជាអ្នកតាក់តែងច្បាប់ដំបូងគេនៅសភាសហរដ្ឋអាមេរិក ដែលឆ្លងមេរោគកូរ៉ូណនេះ។ ការិយាល័យរបស់លោក Diaz-Balart បានឱ្យដឹងថា “យប់ថ្ងៃទី14មីនា តំណាងរាស្ត្រ Diaz-Balart មានអាការក្ដៅខ្លួន និងឈឺក្បាល។ ក្រោយមក លោកក៏ត្រូវបានគេឱ្យដឹងថា មានផ្ទុកវីរុស COVID-19″។
គិតមកដល់ពេលនេះ យ៉ាងហោចមានតំណាងរាស្ត្រសហរដ្ឋអាមេរិក14រូបហើយ ដែលបានប្រកាសនៅដាច់ដោយឡែក ដើម្បីការពារការឆ្លងរោគ។
បច្ចុប្បន្ន ចំនួនអ្នកបានឆ្លង និងស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក នៅតែបន្តកើនឡើង។ សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគ COVID-19 ជាង8,500នាក់ ក្នុងនោះមាន118នាក់បានស្លាប់។ នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យ John Hopkins។
គិតត្រឹមថ្ងៃនេះ(19មីនា) នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុស COVID-19 កើនជិតដល់215,000នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ 8,749នាក់៕
ប្រភព៖ សារព័ត៌មានបរទេស