ប្រធានអង្គការសុខភាពពិភពលោក (WHO) បានហៅវីរុសកូរ៉ូណា COVID-19 ថាជា “សត្រូវដែលប្រឆាំងនឹងមនុស្សជាតិ” ខណៈដែលរោគរាតត្បាតនេះ សម្លាប់មនុស្សកាន់តែច្រើនឡើងៗ។
“វីរុសកូរ៉ូណា កំពុងតែធ្វើបាបយើងទាំងអស់គ្នា ដែលមិនធ្លាប់មានពីមុនមក” ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus មានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី18មីនា។
លោក Tedros Adhanom Ghebreyesus សង្កត់ធ្ងន់អំពីការចាំបាច់ដែលប្រទេសនានាក្នុងពិភពលោក ត្រូវ “រួមដៃគ្នាបង្កើតជាសមរភូមិរួមដើម្បីទប់ទល់នឹងសត្រូវរួម៖ សត្រូវប្រឆាំងនឹងមនុស្សជាតិ”។
ការប្រកាសខាងលើរបស់ប្រធានអង្គការ WHO ត្រូវបានលើកឡើងក្នុងពេលដែលតួលេខនៃអ្នកបានឆ្លងវីរុស COVID-19 នៅលើពិភពលោក បានកើនដល់ជិត 215,000នាក់ ខណៈចំនួនអ្នកស្លាប់ក៏បានកើនដល់ជាង8,700នាក់ បើគិតមកដល់ត្រឹមថ្ងៃទី19មីនា។ រោគរាតត្បាតនេះ បច្ចុប្បន្ន បានរាលដាលដល់ប្រទេស និងដែនដីចំនួនជាង150 នៅទូទាំងពិភពលោក។
ប្រភព៖ សារព័ត៌មានបរទេស