កោះតៃវ៉ាន់ បានប្រកាសហាមមិនឱ្យផ្ដល់ទិដ្ឋាការចំពោះជនបរទេស រាប់ចាប់ពីថ្ងៃស្អែកតទៅ ខណៈដែលជនបរទេសដែលបានមកកាន់តៃវ៉ាន់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19 កាន់តែច្រើនឡើងៗ។
សេចក្ដីប្រកាសកន្លងមករបស់កោះតៃវ៉ាន់ បានឱ្យដឹងថា អ្នកដែលបានចូលមកកោះនេះ ត្រូវតែបង្ខាំងខ្លួនដាច់ដោយឡែករយៈពេល14ថ្ងៃ។
មេដឹកនាំក្រសួងការបរទេសតៃវ៉ាន់ Joseph Wu ក្រោយមកទៀត ក៏បានប្រកាសសាជាថ្មីថា តៃវ៉ាន់នឹងចាប់ផ្ដើមផ្អាកផ្ដល់ទិដ្ឋាការចំពោះជនបរទេសទូទៅ លើកលែងតែអ្នកដែលមានលិខិតបញ្ជាក់ថា ជាអ្នករស់នៅតៃវ៉ាន់ពីមុនមក និងអ្នកការទូត រួមនឹងអ្នកជំនួញដែលមានលិខិតបញ្ជាក់ពិសេសពីតៃវ៉ាន់។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 160 នៅទូទាំងពិភពលោក ធ្វើឱ្យមនុស្សចំនួនជិត 200,000នាក់ បានកើតរោគ និងជិត 8,000នាក់បានស្លាប់។ កោះតៃវ៉ាន់ មកដល់ពេលនេះ មានអ្នកស្លាប់ដោយសារមេរោគ COVID-19 ត្រឹមតែ1ករណីប៉ុណ្ណោះ៕
ប្រភព៖ សារព័ត៌មានបរទេស