មេដឹកនាំបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពគ្នាក្នុងការបិទច្រកព្រំដែនទាំងមូលរបស់ខ្លួនក្នុងរយៈពេល30ថ្ងៃជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគបង្កជំងឺរលាកសួត COVID-19។
CNN កាលពីថ្ងៃទី17មីនាបានចេញផ្សាយថា EU បានយល់ព្រមបិទព្រំដែនទាំងស្រុង ចំពោះការធ្វើដំណើរណាដែល “មិនចាំបាច់” ពីប្រទេសទី3 ក្នុងពេលដែលតំបន់នេះកំពុងប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹង COVID-19។
ប្រកាសរបស់ EU មានប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែ ក៏មានករណីលើកលែងចំពោះអ្នកដែលរស់នៅក្នុងតំបន់អឺរ៉ុបច្រើនឆ្នាំ ក្រុមអ្នកការទូត គ្រូពេទ្យ និងអ្នកសិក្សាស្រាវជ្រាវ។
វិធានការខាងលើ នឹងត្រូវបានអនុវត្តចំនួន30ថ្ងៃ និងមិនរាប់បញ្ចូលប្រទេសអង់គ្លេស ដោយសារប្រទេសនេះបានប្រកាសចាកចេញពីសហភាពអឺរ៉ុបរួចហើយ។
ក៏ប៉ុន្តែ CNN ឱ្យដឹងថា ការឯកភាពគ្នាក្នុងការបិទព្រំដែនខាងលើនេះ មិនត្រូវបានចាប់បង្ខំដោយច្បាប់ ឬបទបញ្ជានោះទេ ពោលគឺវាអាស្រ័យទៅលើប្រទេសនីមួយៗ ថាតើពួកគេអនុវត្ត ឬមួយអត់។
EU សង្សឹមថា ការបិទច្រកព្រំដែនជាមួយនឹងប្រទេសខាងក្រៅ នឹងធ្វើឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន នឹងចាប់ផ្ដើមចូលគ្រប់គ្រងព្រំដែននៃប្រទេសរៀងៗខ្លួនឡើងវិញ បន្ទាប់ពីប្រទេសបារាំង អេស្ប៉ាញ និងដាណឺម៉ាក បាននាំគ្នាបិទច្រកព្រំដែនរបស់ខ្លួន ដើម្បីទប់ទល់នឹងវិបត្តិសុខភាពនេះ។ នៅព្រឹកនេះ(17មីនា) ប្រទេសអាល្លឺម៉ង់ ក៏បានប្រកាសបិទច្រកព្រំដែននៅតំបន់មួយចំនួនរបស់ខ្លួនផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស