ប្រទេសចិន ថ្ងៃនេះបានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគថ្មីចំនួន 21ករណី ក្នុងនោះមាន 20ករណី គឺជាអ្នកមកពីបរទេស និងម្នាក់ទៀតនៅក្នុងទីក្រុង Wuhan។
គណៈកម្មការសុខាភិបាលជាតិរបស់ប្រទេសចិន ថ្ងៃនេះ បានចេញសេចក្ដីប្រកាសមួយឱ្យដឹងថា បណ្ដាករណីឆ្លងរោគថ្មី គឺមានប្រភពពីបរទេស រួមមាន 9ករណីត្រូវបានរកឃើញនៅឯទីក្រុងប៉េកាំង 3ករណីនៅសៀងហៃ និង3ករណីនៅក្វាងតុង។ ចំណែក ខេត្តហ្សេជាំង សានដុង ក្វាងស៊ី យូនណាន និងខេត្តសាអានស៊ី ក៏បានរកឃើញអ្នកផ្ទុកមេរោគថ្មីចំនួន1ករណីដូចគ្នា។
អ្នកជំងឺថ្មីតែម្នាក់គត់ដែលបានឆ្លងរោគនៅក្នុងប្រទេស និងទើបតែត្រូវបានរកឃើញកាលពីម្សិលមិញ គឺមានទីលំនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដែលជាទីកំណើត និងជាសម្បុកមេរោគធំបំផុតរបស់ COVID-19 នៅប្រទេសចិន។
គិតមកដល់ពេលនេះ ប្រទេសចិនបានរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប 81,050នាក់ ក្នុងនោះមាន 3,230នាក់បានបាត់បង់ជីវិត។ ដោយឡែក នៅទូទាំងពិភពលោកវិញ បានរកឃើញអ្នកឆ្លងមេរោគសរុប 182,406នាក់ ក្នុងនោះមាន 7,154នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស