បើកវិធានការ 16យ៉ាងរបស់រដ្ឋបាលចិនៈ តឹងរ៉ឹង ម៉ឺងម៉ាត់ សាងសង់មន្ទីរពេទ្យ ចែកម៉ាស់អនាម័យការពារ ហ្វ្រ៊ី ប្រយុទ្ធនឹងវីរុស COVID-19 រហូតឆ្លងផុតដំណាក់កាលគ្រោះថ្នាក់ ឆ្ពោះទៅរកថ្ងៃដែលឆ្លងផុតវិបត្តិជាស្ថាពរ និងស្ថានការណ៍ល្អប្រសើរឡើង។
ហ្វ៊ែនផេច “អាយចុង” បានផូស្តអត្ថបទរៀបរាប់អំពីវិធានការគ្រប់គ្រង និងការពារការឆ្លងរាលដាលវីរុសកូរ៉ូណាប្រភេទថ្មី2019 ឬ COVID-19 របស់រដ្ឋបាលចិន រហូតធ្វើឱ្យខណៈពេលនេះ ស្ថានការណ៍នៅក្នុងប្រទេស ចិនល្អប្រសើរឡើងជាបន្តបន្ទាប់ ដោយវិធានការទាំង 16ចំណុចនោះ គឺ៖
1. រដ្ឋបាលចិនចេញវិធានការឱ្យប្រជាជនអាចលុបចោលសំបុត្រធ្វើដំណើរ-គម្រោងធ្វើដំណើរដែលបម្រុងនឹងចាកចេញពីវូហាន និងការធ្វើដំណើរដែលបម្រុងនឹងចូលមកកាន់វូហាន។
2. រដ្ឋបាលចិន ចេញថ្លៃរក្សាព្យាបាលឱ្យគ្រប់យ៉ាង សម្រាប់អ្នកឆ្លងមេរោគកំណាចនេះ។
3. អាជ្ញាធរវូហាន សុំការសហការពីស្ថាប័នសិក្សាអប់រំឯកជន “បិទថ្នាក់រៀន” និងបន្ថែមគោលការណ៍សងប្រាក់ ឬបង្រៀនសង ដោយសារតែលុបចោលថ្នាក់រៀនជាបណ្ដោះអាសន្នក្នុងអំឡុងពេលមេរោគរាតត្បាត។
4. បំពាក់គ្រឿងវាស់សីតុណ្ហភាពរបស់រាងកាយតាមស្ថានីយនានា។
5. អង្គភាពគ្រប់គ្រងការចរាចរណ៍ក្នងទីក្រុងវូហាន ចេញច្បាប់ “ពិនិត្យឆែកឆេរគ្រប់រថយន្តទាំងអស់ ថាតើមានសត្វ-វត្ថុមានជីវិតនៅក្នុងរថយន្តឬទេ? ដើម្បីការពារការចម្លងមេរោគពីសត្វមានជីវិត ដូចដែលបានសន្និដ្ឋានថា ប្រភពដើមនៃការឆ្លងរាលដាលក្នុងគ្រានោះ បណ្ដាលមកពីសត្វព្រៃ និងសត្វសមុទ្រទាំងសាច់ និងទាំងនៅរស់ ក្នុងទីផ្សារលក់ដុំអាហារសមុទ្រក្នុងទីក្រុងវូហាន”។
6. បញ្ជាបិទទីក្រុងវូហាន និងទីក្រុងផ្សេងៗក្នុងមណ្ឌលហ៊ូពេយ ដើម្បីបង្ខាំង និងបញ្ឈប់ការសាយភាយមេរោគវីរុស។
7. រដ្ឋបាលចិនប្រកាសបញ្ជាឱ្យក្រុមហ៊ុនទេសចរណ៍បញ្ឈប់ការលក់កញ្ចប់ទេសចរណ៍ សំបុត្រយន្តហោះ និងការកក់សណ្ឋាគារ។
8. អាជ្ញាធរទីក្រុងវូហានចេញប្រកាសឱ្យអង្គភាពដែលពាក់ព័ន្ធចុះទៅតាមទីប្រជុំជន ដើម្បីឱ្យប្រាប់ឱ្យឱសថស្ថាននៅក្នុងទីក្រុងវូហានបើកបម្រើសេវាកម្ម(លក់ថ្នាំ)តាមធម្មតា ដើម្បីឱ្យប្រជាជនអាចរកទិញថ្នាំ និងឧបករណ៍ការពារថែទាំខ្លួនបាន និងមិនឱ្យដំឡើងថ្លៃ។
9. អំឡុងពេលដែលឆ្លងរាលដាលខ្លាំង រដ្ឋបាលចិនបានកែសម្រួលការរាប់ និងវិនិច្ឆ័យអ្នកឆ្លងមេរោគបែបថ្មីសម្រាប់មណ្ឌលហ៊ូពេយ និងតំបន់ដែលឆ្លងរាលដាលខ្លាំង ដោយសម្រួលពី “អ្នកគួរឱ្យសង្ស័យ” ដែលមានអាការបង្ហាញខាងរោគសញ្ញា ទៅជា “អ្នកឆ្លងមេរោគ” តែម្ដង ដើម្បីឱ្យគ្រូពេទ្យវិនិច្ឆ័យ និងព្យាបាលបានកាន់តែងាយស្រួលឡើង មិនខកខានិងន កាត់បន្ថយភាពប្រថុយប្រថានក្នុងការចម្លងមេរោគ។
10. ដាក់ចេញវិធានការចែកលុយរង្វាន់ឱ្យ មានតាំងពី 500យន់ រហូតដល់ 10,000យន់ នៅពេលមករាយការណ៍ជូនអាជ្ញាធរថា ខ្លួនមានអាការគួរឱ្យសង្ស័យថាឆ្លងមេរោគ និងបើសិនជាពិនិត្យឃើញថា ឆ្លងមេរោគមែន ក៏បានទទួលលុយភ្លាមៗតែម្ដង។
11. ពង្រីកថ្ងៃឈប់ចូលឆ្នាំចិន ឱ្យក្រុមហ៊ុនឈប់សម្រាកបន្ថែម 1សប្ដាហ៍ទៀត និងច្រើនជាងនោះនៅក្នុងតំបន់ហ៊ូពេយ ដើម្បីកាត់បន្ថយការចម្លងមេរោគ និងការឆ្លងមេរោគ ហើយក្រុមហ៊ុនជាច្រើនមានគោលការណ៍ឱ្យបុគ្គលិកធ្វើការនៅផ្ទះ។
12. រដ្ឋបាលចិន និងរដ្ឋបាលក្នុងតំបន់ទីក្រុងនានា បានដាក់ចេញវិធានការផ្សេងៗ ដើម្បីជួយឱ្យនៅក្នុងប្រទេសចិនមានម៉ាស់អនាម័យការពារប្រើប្រាស់គ្រប់គ្រាន់ក្នុងអំឡុងពេលឆ្លងរាលដាលខ្លាំង ដូចជា ចែកម៉ាស់អនាម័យហ្រ្វ៊ី ចែកចាយទៅតាមចំណុចផ្សេងៗ ដោយត្រូវចុះបញ្ជីតាមរយៈ WeChat និងទៅទទួលយកនៅតាមឱសថស្ថានដែលបានបញ្ជាក់ឈ្មោះ។
13. រដ្ឋបាលចិន បានសហការជាមួយសារព័ត៌មានក្នុងប្រទេស ផ្ដល់ព័ត៌មានអ្នកជំងឺដែលផ្ទុកមេរោគ រួមទាំងខ្សែផ្លូវធ្វើដំណើររបស់អ្នកជំងឺ ថាតើបានទៅណាមកណាខ្លះ? ធ្វើអ្វីខ្លះ? ជួបអ្នកណាខ្លះ? ដោយប្រាប់យ៉ាងលម្អិត ដូចជាលេខទូរស័ព្ទ លេខបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ លេខជើងហោះហើរ និងខ្សែរថភ្លើង ជាដើម។
14. តាំងពីរយៈពេលដំបូងៗនៃការឆ្លងរាលដាលធ្ងន់ធ្ងរនៅចុងខែមករា ក្រសួងហិរញ្ញវត្ថុរបស់ចិន បានអនុម័តថវិកាបន្ទាន់ 4.4ពាន់លានយន់សម្រាប់ការការពារ និងគ្រប់គ្រងការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មីទូទាំងប្រទេសចិន។ ក្នុងថវិកាចំនួននេះ ជាពិសេសមណ្ឌលហ៊ូពេយ(រួមទាំងវូហាន) ទទួលបានប្រមាណ 500លានយន់។
15. បញ្ជូនក្រុមគ្រូពេទ្យទូទាំងប្រទេសចិន ទាំងគ្រូពេទ្យស៊ីវិល និងគ្រូពេទ្យយោធា រួមទាំងធនធានមនុស្សខាងវេជ្ជសាស្ត្រផ្សេងៗ ចូលទៅជួយវូហាន និងមណ្ឌលហ៊ូពេយ ទីកន្លែងឆ្លងរាលដាលធ្ងន់ធ្ងរ រួមទាំងសាងសង់មន្ទីរពេទ្យពិសេស 2កន្លែង ដើម្បីទទួលអ្នកជំងឺ COVID-19 រួមទាំងយកអគារហាត់កីឡា អគារតាំងពិព័រណ៍ទំនិញ បន្ទប់ប្រជុំធំៗទូទាំងទីក្រុង មកធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីឱ្យមានគ្រែសម្រាប់អ្នកជំងឺយ៉ាងគ្រប់គ្រាន់។
16. ទោះជាមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ប្រទេសចិនបានបិទព័ត៌មាន តែបើនរណាបានតាមដានព័ត៌មាន នឹងបានឃើញថា ទាំងខាងផ្នែកកណ្ដាល និងតាមទីក្រុងផ្សេងៗតែងមានការរាយការណ៍ព័ត៌មានអំពីអ្នកឆ្លងមេរោគជារៀងរាល់ថ្ងៃ រួមទាំងការថ្លែងព័ត៌មានរបស់អង្គភាពសាធារណៈសុខាភិបាល និងអ្នកជំនាញការ រួមទាំងអង្គភាពពាក់ព័ន្ធដទៃទៀតផងដែរ។
សារព័ត៌មានចិនខ្លួនឯង ក៏មានការរាយការណ៍ព័ត៌មានក្នុងន័យវិជ្ជមាន ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ប្រជាជនចិន ក្រៅពីការផ្ដល់ព័ត៌មានការឆ្លងមេរោគផងដែរ ដូចជា ព័ត៌មានស្ដីពីការចេញពីមន្ទីរពេទ្យរបស់អ្នកជាសះស្បើយ ដែលបានអាប់ឌែតរៀងរាល់ថ្ងៃ ជាពិសេសករណីមនុស្សចាស់ និងកុមារដែលបានជាសះស្បើយ…៕
ប្រភព៖ សារព័ត៌មានបរទេស