កាណាដា បារាំង រុស្ស៊ី រួមនឹងប្រទេសជាច្រើនទៀត បានចេញបញ្ជា ហាមមិនឱ្យជនបរទេសចូលមកកាន់ទឹកដីរបស់ខ្លួន ដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃវីរុស COVID-19។
“យើងនឹងមិនអនុញ្ញាឱ្យជនបរទេសទាំងឡាយណាដែលមិនមែនជាពលរដ្ឋកាណាដា ឬពលរដ្ឋអាមេរិកាំង” នេះជាការប្រកាសរបស់នាយករដ្ឋមន្រីកាណាដា លោក Justin Trudeau ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី16មីនា។
នាយករដ្ឋមន្ត្រីកាណដា ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ នៅតែក្នុងផ្ទះ និងកាត់បន្ថយទំនាក់ទំនងផ្ទាល់ជាមួយមនុស្សនៅជុំវិញខ្លួន។ លោកថ្លែងថា “នៅក្នុងផ្ទះ គឺជាវិធានការសំខាន់បំផុតដើម្បីការពារមនុស្សនៅជុំវិញ និងខ្លួនយើងផ្ទាល់។ យើងទាំងអស់គ្នា ត្រូវតែធ្វើដូច្នេះ”។ បច្ចុប្បន្ន នាយករដ្ឋមន្ត្រីកាណដា លោក Trudeau កំពុងបង្ខាំងខ្លួនឯងនៅឯផ្ទះ បន្ទាប់ពីភរិយារបស់លោក ត្រូវបានរកឃើញថា មានផ្ទុកមេរោគ COVID-19។
ហេតុអ្វីបានជាកាណាដា មិនហាមពលរដ្ឋអាមេរិកាំង ចូលមកទឹកដីកាណដា? លោកនាយករដ្ឋមន្ត្រី Trudeau អះអាងថា នេះគឺដោយសារទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង2 មានភាពល្អប្រសើរ។ ប៉ុន្តែ លោក Trudeau ក៏បានទុកលទ្ធភាពផ្សេងទៀតក្នុងការចាត់វិធានការបន្ថែម ដើម្បីគ្រប់គ្រងព្រំដែន នាពេលខាងមុខ។
ប្រធានាធិបតី Emmanuel Macron កាលពីម្សិលមិញ បានប្រកាសថា បារាំងនឹងបិទច្រកព្រំដែនចាប់ពីថ្ងៃទី17មីនា ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19។ លោក Emmanuel Macron ក៏បានចេញបញ្ជា ហាមមិនឱ្យមានការជួបជុំនានា នៅទូទាំងប្រទេសផងដែរ ដោយរួមទាំងការជួបជុំលក្ខណគ្រួសារ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក៏បានចេញបញ្ជា ហាមមិនឱ្យជនបរទេសចូលមកក្នុងទឹកដីប្រទេសនេះ ចាប់ពីថ្ងៃទី17មីនា ដល់ថ្ងៃទី1ឧសភា ឆ្នាំ2020។ វិធានការនេះ មិនអនុវត្តទៅលើបុគ្គលិកការទូតនៃប្រទេសនានាប្រចាំនៅរុស្ស៊ី អ្នកធ្វើការក្នុងវិស័យដឹកជញ្ជូន អាកាសចរណ៍ និងប្រតិភូបរទេសដែលមកធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីនោះទេ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអេស្ប៉ាញ លោក Fernando Grande-Marlaska បានប្រកាសថា ប្រទេសនេះនឹងរឹតបន្តឹងការគ្រប់គ្រងព្រំដែន ចាប់ពីថ្ងៃទី17មីនា លើកលែងតែពលរដ្ឋរបស់ខ្លួន អ្នកធ្វើការតាមបណ្ដោយព្រំដែន អ្នកការទូត និងអ្នកដែលមានមូលហេតុចាំបាច់បំផុតតែប៉ុណ្ណោះ។
ក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសម៉ាឡេស៊ី បានបិទព្រំដែនទាំងស្រុង ដោយមិនឱ្យពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេស និងហាមជនបរទេសមិនឱ្យចូលស្រុក បន្ទាប់ពីបានរកឃើញអ្នកផ្ទុកមេរោគចំនួន 566នាក់។ ប្រទេសនេះ បានក្លាយជាសម្បុកមេរោគ COVID-19 ធំជាងគេនៅក្នុងតំបន់។
ក្រៅពីនេះ បណ្ដាប្រទេស ដូចជា អាហ្សង់ទីន កូឡុំប៊ី ឈីលី ហ្គាតេម៉ាឡា ទុយនីស៊ី និងស៊ូដង់ ក៏បាននាំគ្នាបិទព្រំដែនគោកផងដែរ។ នេះបើតាមសារព័ត៌មាន Reuters។
សហភាពអឺរ៉ុប ថ្មីៗនេះ ក៏បានចាត់វិធានការដូចខាងលើផងដែរ។ ប្រធានសហភាពអឺរ៉ុប បានចេញសេចក្តីប្រកាសមួយ ដោយស្នើឱ្យបិទការចូលប្រទេសជាសមាជិកសហភាពអឺរ៉ុបរយៈពេល30ថ្ងៃ ដើម្បីទប់ស្កាត់មេរោគ COVID-19។ ការស្នើនេះនឹងត្រូវពិនិត្យ និងអនុម័តដោយក្រុមមេដឹកនាំសហភាពអឺរ៉ុប៕
ប្រភព៖ សារព័ត៌មានបរទេស