
ចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុស COVID-19 នៅទូទាំងពិភពលោក បានកើនដល់ជិត 182,388នាក់ និង 7,144នាក់ ខណៈដែលមានករណីឆ្លងថ្មីរាប់ពាន់នាក់នៅក្នុងតំបន់អឺរ៉ុប។
COVID-19 បានឆ្លងរាលដាល និងកាន់តែមានភាពស្មុគស្មាញ នៅពេលវាមានវត្តមានក្នុងប្រទេស និងដែនដីចំនួន162 នៅទូទាំងសកលលោក។
ប្រទេសអ៊ីតាលី គឺជាតំបន់សម្បុកមេរោគកូរ៉ូណាធំបំផុតនៅអឺរ៉ុប និងធំលំដាប់ទី2 នៅក្នុងពិភពលោក ដោយប្រទេសនេះ បានរកឃើញអ្នកឆ្លងថ្មីចំនួន3,233ករណី និងអ្នកស្លាប់ 349ករណី ធ្វើឱ្យចំនួនអ្នកឆ្លងរោគសរុប 27,980នាក់ និងអ្នកស្លាប់សរុប 2,158នាក់។ អេស្ប៉ាញ អាល្លឺម៉ង់ និងបារាំង បច្ចុប្បន្ន បានរកឃើញអ្នកឆ្លងរោគថ្មីជាង 1,000ករណីដូចគ្នា នាំឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេស អេស្ប៉ាញឡើងដល់ 9,942នាក់ អាល្លឺម៉ង់7,272នាក់ និងបារាំង6,633នាក់។

អ៊ីរ៉ង់នៅតែជាប្រទេសដែលមានសម្បុកមេរោគ COVID-19 ធំជាងគេលំដាប់ទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន (ចិនដីគោក) ខណៈដែលទើបតែបានរកឃើញអ្នកផ្ទុកមេរោគថ្មី 1,053ករណី ធ្វើឱ្យអ្នកផ្ទុកមេរោគសរុប ឡើងដល់14,991នាក់។
សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគ COVID-19 សរុប 4,599នាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីចំនួន919នាក់។ អាមេរិកាំងក៏មានអ្នកស្លាប់ថ្មីចំនួន18ករណី ធ្វើឱ្យអ្នកស្លាប់សរុបឡើងដល់86នាក់។
នៅប្រទេសចិន ទើបតែបានរកឃើញករណីឆ្លងរោគថ្មីចំនួន 21នាក់ ដូច្នេះ អ្នកបានឆ្លង COVID-19 នៅក្នុងប្រទេសនេះ សរុប 80,881នាក់។ ចំនួនអ្នកស្លាប់នៅប្រទេសចិន បច្ចុប្បន្នមាន 3,226នាក់ កើន13ករណី បើធៀបនឹងម្សិលមិញ។
ក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសម៉ាឡេស៊ី បានបិទព្រំដែនទាំងស្រុង ដោយមិនឱ្យពលរដ្ឋធ្វើដំណើរទៅក្រៅប្រទេស និងហាមជនបរទេសមិនឱ្យចូលស្រុក បន្ទាប់ពីបានរកឃើញអ្នកផ្ទុកមេរោគចំនួន 566នាក់។ ប្រទេសនេះ បានក្លាយជាសម្បុកមេរោគ COVID-19 ធំជាងគេនៅក្នុងតំបន់។
គិតមកដល់ពេលនេះ ពិភពលោក មានករណីស្លាប់ថ្មីចំនួន629នាក់បន្ថែមទៀត ដែលភាគច្រើននៅអឺរ៉ុប នាំឱ្យចំនួនករណីស្លាប់កើនដល់7,144នាក់ ខណៈដែលអ្នកបានជាសះស្បើយ មានជាង 78,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស
