ការពិសោធថ្នាំវ៉ាក់សាំងនៅលើមនុស្ស ដែលត្រូវធ្វើឡើងចាប់ពីថ្ងៃទី16មីនា នៅឯសហរដ្ឋអាមេរិក គឺដើម្បីវាយតម្លៃទៅលើប្រភេទវ៉ាក់សាំងសម្រាប់ការពារមនុស្សពីការឆ្លងមេរោគកូរ៉ូណា COVID-19 មុននឹងសម្រេចឱ្យប្រើជាទូទៅ។
ការពិសោធដែលទទួលបានជំនួយពីវិទ្យាស្ថានសុខាភិបាលជាតិ National Institutes of Health ដែលហៅកាត់ថា NIH នឹងត្រូវធ្វើឡើងក្នុងវិទ្យាស្ថានស្រាវជ្រាវសុខាភិបាល Kaiser Permanente Washington នៅក្នុងទីក្រុង Seattle។ អ្នកដែលបានស្ម័គ្រចិត្តចូលរួមក្នុងការពិសោធនេះ នឹងត្រូវបានចាក់វ៉ាក់សាំងនៅក្នុងថ្ងៃទី16មីនានេះហើយ។
សារព័ត៌មាន AP ដកស្រង់សម្ដីរបស់មន្ត្រីសុខាភិបាលអាមេរិកាំងម្នាក់ ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រនឹងត្រូវចំណាយពេល18ខែ ទើបអាចវាយតម្លៃជាស្ថាពរទៅលើឥទ្ធិពលរបស់វ៉ាក់សាំងនេះ។ អ្នកស្ម័គ្រចិត្តចំនួន45នាក់ ដែលជាមនុស្សមានសុខភាពល្អ រាងកាយមាំមួន និងនៅក្មេង នឹងត្រូវបានចាក់វ៉ាក់សាំងក្នុងបរិមាណខុសៗគ្នា។ វ៉ាក់សាំងដែលត្រូវបានយកមកពិសោធនេះ ត្រូវបានបង្កើតឡើងដោយ NIH និងក្រុមហ៊ុនជីវបច្ចេកវិទ្យា Monderna Inc ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងរដ្ឋ Massachusetts។ ក្រុមអ្នកជំនាញនឹងវាយតម្លៃទៅលើឥទ្ធិពលរបស់វ៉ាក់សាំង ក្នុងការការពារមនុស្សពីវីរុស COVID-19 ព្រមទាំងស្វែងយល់ឱ្យដឹងច្បាស់ថា តើវាបង្កផលប៉ះពាល់អាក្រក់ដែរ ឬអត់ ទៅលើសុខភាពមនុស្ស។
បន្ទាប់ពីវីរុសកូរ៉ូណា COVID-19 បានឆ្លងរាលដាល នៅលើពិភពលោក មានក្រុមហ៊ុនផលិតឱសថរាប់សិបក្រុមហ៊ុន បានចាប់ផ្ដើមស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំងមេរោគនេះ។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Inovio ក៏មានគម្រោងពិសោធវ៉ាក់សាំងមួយប្រភេទនៅខែក្រោយនេះដែរ។ កិច្ចខិតខំប្រឹងប្រែងដូចគ្នានេះ ក៏កំពុងត្រូវបានធ្វើឡើងនៅឯប្រទេសចិន កូរ៉េខាងត្បូង និងបណ្ដាប្រទេសធំៗមួយចំនួនទៀត៕
ប្រភព៖ សារព័ត៌មានបរទេស