ចាប់ពីថ្ងៃនេះ (16មីនា ឆ្នាំ2020) វៀតណាមនឹងចាប់បង្ខំឱ្យពលរដ្ឋរបស់ខ្លួន ពាក់ម៉ាស់នៅក្នុងផ្សារទំនើប ព្រលានយន្តហោះ ស្ថានីយរថភ្លើង ចំណតរថយន្ត និងនៅលើមធ្យោបាយធ្វើដំណើរសាធារណៈ។ល។ បណ្ដាក្រុមហ៊ុនផលិតម៉ាស់ក្នុងស្រុក ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់អ្នកប្រើប្រាស់ នៅក្នុង “សង្គ្រាម” ប្រឆាំងនឹងមេរោគ COVID-19។
នៅក្នុងកិច្ចប្រជុំមួយស្ដីអំពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺ COVID-19 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចេញបញ្ជាឱ្យមានការអនុវត្តវិធានការពាក់ម៉ាស់នៅតាមទីសាធារណៈ ឱ្យបានតឹងរ៉ឹងបំផុត។ នាយករដ្ឋមន្ត្រីរូបនេះ ក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធ គ្រប់គ្រងស្ថានការណ៍ផលិតម៉ាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងមានគុណភាព។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Truong Quoc Cuong បានឱ្យដឹងថា ចាប់ពីថ្ងៃទី30មីនា វៀតណាមត្រូវការម៉ាស់ចំនួន30លានបន្ទះ ដើម្បីទប់ទល់នឹង COVID-19។ កន្លងមក វៀតណាម ខ្វះខាតវត្ថុធាតុដើមដើម្បីផលិតម៉ាស់ ប៉ុន្តែ បច្ចុប្បន្ន វៀតណាមបានរកឃើញវត្ថុធាតុដើមផ្សេងទៀតដែលអាចជំនួសវត្ថុធាតុដើមដែលកំពុងខ្វះខាត។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (Ministry of Industry and Trade) បានឱ្យដឹងថា បច្ចុប្បន្ន វៀតណាមមានវត្ថុធាតុដើមក្នុងស្រុក ដែលអាចផ្គត់ផ្គង់ឱ្យការផលិតម៉ាស់ចំនួន 30លានបន្ទះ នាចុងខែមីនានេះ។
ចាប់តាំងពីរោគរាតត្បាត COVID-19 បានរីករាលដាលខ្លាំងនៅទូទាំងពិភពលោក តម្រូវការម៉ាស់ក៏បានកើនឡើងជាបន្តបន្ទាប់ រហូតដល់ធ្វើឱ្យប្រទេសជាច្រើនត្រូវខ្វះខាតម៉ាស់ ហើយធ្វើឱ្យម៉ាស់ឡើងថ្លៃមិនគួរឱ្យជឿ រហូតដល់មានករណីអ្នករកស៊ីអមនុស្សធម៌ខ្លះ បានប្រមូលម៉ាស់ដែលគេបោះចោលបន្ទាប់ពីប្រើរួច យកទៅលក់ឱ្យអ្នកប្រើប្រាស់ទៀតផង។
ទាក់ទិននឹងបញ្ហាខាងលើ កាលពីថ្ងៃទី28កុម្ភៈ នៅប្រទេសវៀតណាម អាជ្ញាធរបានចូលត្រួតពិនិត្យកន្លែងប្រមូលទិញសំណល់អេតចាយមួយកន្លែងនៅក្នុងទីក្រុងហូជីមិញ ហើយក៏បានរកឃើញម៉ាស់ដែលគេប្រើរួចរាប់សិបការុង មានតូច មានធំ លាយឡំគ្នា។ សមត្ថកិច្ចបានឱ្យដឹងថា ម៉ាស់ទាំងនេះមានទម្ងន់ដល់ទៅ2តោន។ ក្នុងចំណោមម៉ាស់ទាំងអស់នេះ មានម៉ាស់ខ្លះជាប់ស្នាមប្រឡាក់ ខ្លះខ្ញុកខ្ញុវ ខ្លះទៀតក៏នៅជាប់ស្លាកយីហោផងដែរ។
ក្រៅពីករណីខាងលើនេះ អាជ្ញាធរវៀតណាម ក៏បានរកឃើញកន្លែងទទួលទិញម៉ាស់ប្រើរួច មួយកន្លែងផ្សេងទៀត។ ដែលនេះ បានធ្វើឱ្យក្រសួងសុខាភិបាលវៀតណាម ចាត់វិធានការ ហាមមិនឱ្យមានការប្រមូលទិញ ឬដឹកជញ្ជូនម៉ាស់ និងសម្ភារការពារសុខភាពបុគ្គល ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណា COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស