ប្រធានាធិបតី វ៉េណេស៊ុយអេឡា បានចេញបញ្ជាឱ្យបិទ និងផ្អាករាល់សកម្មភាពនៅក្នុងរដ្ឋចំនួន7របស់ប្រទេសនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគបង្កជំងឺរលាកសួតថ្មី COVID-19 បន្ទាប់ពីប្រទេសនេះ បានរកឃើញអ្នកផ្ទុកមេរោគចំនួន17ករណី។
បទបញ្ជា ដែលត្រូវបានប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro ប្រកាសកាលពីថ្ងៃទី15មីនាកន្លងទៅនេះ ក៏បូកបញ្ចូលទាំងរដ្ឋធានី Caracas ផងដែរ។ រាល់សកម្មភាពក្នុងរដ្ឋចំនួន7នៃប្រទេសនេះ ត្រូវបានផ្អាក ចាប់ពីម៉ោង5ព្រឹក ថ្ងៃទី16មីនា ឆ្នាំ2020 លើកលែងតែសេវាកម្មចាំបាច់មួយចំនួន ដូចជា សកម្មភាពផ្គត់ផ្គង់ផលិតផលស្បៀងអាហារ សេវាវេជ្ជសាស្ត្រ ដឹកជញ្ជូន និងសន្តិសុខជាដើម។
“នេះមិនមែនជារដូវកាលសម្រាកវិស្សមកាលនោះទេ។ វាគឺជាវិធានការបង្ខាំងទ្រង់ទ្រាយធំ ដែលទាមទារឱ្យមានវិន័យក្នុងសង្គម ក៏ដូចជាការគ្រប់គ្រងខ្លួនឯង។ ប្រជាពលរដ្ឋទាំងអស់ គួរតែនៅក្នុងផ្ទះ” លោក Maduro មានប្រសាសន៍បែបនេះ នៅលើកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃទី15មីនា។
នេះគឺជាវិធានការថ្មីបំផុត ដើម្បីទប់ស្កាត់ COVID-19 នៅប្រទេសវ៉េណេស៊ុយអេឡា។ កាលពីសប្ដាហ៍មុន ប្រទេសនេះបានហាមមិនឱ្យមានការហោះហើរទៅ-មក ពីតំបន់អឺរ៉ុប ប្រទេសកូឡុំប៊ី ប្រទេសប៉ាណាម៉ា និងសាធារណរដ្ឋដូមីនីកែន។ សាលារៀននៃប្រទេសនេះក៏ត្រូវបិទទ្វារ ហើយព្រឹត្តិការកីឡាជាច្រើនក៏ត្រូវបានលុបចោល។
លោកប្រធានាធិបតី Maduro បានឱ្យដឹងថា ប្រតិកម្មរបស់លោក គឺផ្អែកទៅលើសកម្មភាពនានារបស់ប្រទេសចិន នៅក្នុង “សង្គ្រាម” ប្រឆាំង COVID-19។ លោកថ្លែងថា “វិធីតែមួយគត់ដើម្បីគ្រប់គ្រងប្រភពចម្លងមេរោគ គឺអនុវត្តវិធានការបង្ខាំងទ្រង់ទ្រាយធំ និងខ្លាំងក្លានៅទូទាំងប្រទេស”។ នេះបើតាមសារព័ត៌មាន AFP។
COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន157 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង 160,000នាក់បានឆ្លងរោគ ក្នុងនោះមានជាង 6,400នាក់បានស្លាប់ និងជាង76,000នាក់បានជាសះស្បើយ។ ចំណែកប្រទេសវ៉េណេស៊ុយអេឡាវិញ មកដល់ពេលនេះ បានរកឃើញអ្នកផ្ទុក COVID-19 ចំនួន17ករណី ប៉ុន្តែមិនទាន់មានអ្នកស្លាប់ដោយសារមេរោគនេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស