មេរោគបង្កជំងឺរលាកសួតប្រភេទថ្មី COVID-19 បង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន157 នៅទូទាំងពិភពលោក បណ្ដាលឱ្យមានអ្នកកើតរោគរាតត្បាតនេះ ចំនួនជាង6,500នាក់ បានបាត់បង់ជីវិត។
រោគរាតត្បាត COVID-19 កំពុងតែឆ្លងរាលដាលយ៉ាងលឿន ធ្វើឱ្យមនុស្សចំនួន12,701នាក់បន្ថែមទៀតត្រូវបានគេរកឃើញថាបានឆ្លងមេរោគនេះ នាំឱ្យតួលេខនៃការឆ្លងរោគ កើនឡើងដល់ 169,354នាក់ ក្នុងនោះមានអ្នកជំងឺ76.618នាក់បានជាសះស្បើយ។
ករណីឆ្លងមេរោគលឿនជាងគេនាពេលបច្ចុប្បន្ន គឺស្ថិតនៅឯទ្វីបអឺរ៉ុប ដូចជាប្រទេសអ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ អ៊ីតាលីទើបរកឃើញអ្នកផ្ទុក COVID-19ថ្មី ចំនួន3,590ករណីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងមេរោគកូរ៉ូណាសរុប 24,747នាក់ ដែលនេះជាតួលេខខ្ពស់ជាងគេក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។ អេស្ប៉ាញអឺរ៉ង់ និងអាល្លឺម៉ង់ គឺជាប្រទេសដែលរកឃើញអ្នកផ្ទុក COVID-19ថ្មីបន្ថែម លើសពី1,000នាក់។
ចំនួនករណីឆ្លងរោគកូរ៉ូណាថ្មីនៅប្រទេសចិន និងកូរ៉េខាងត្បូង ធ្លាក់មកនៅកម្រិតទាប។ នៅអាស៊ីអាគ្នេយ៍ ចំនួនករណីឆ្លងថ្មីនៅម៉ាឡេស៊ី មាន190ករណី ធ្វើឱ្យចំនួនសរុបឡើងដល់428ករណី ដែលភាគច្រើនទាក់ទងនឹងពិធីបុណ្យនៅឯវិហារអ៊ីស្លាម1 ស្ថិតនៅក្បែរទីក្រុង Kuala Lumpur ដែលមានសាសនិកប្រមាណជា16,000នាក់ បានចូលរួម។
នៅទូទាំងពិភពលោក មានករណីស្លាប់ថ្មីចំនួន666នាក់ ភាគច្រើនកើតឡើងនៅក្នុងប្រទេសអ៊ីតាលី អ៊ីរ៉ង់ និងអេស្ប៉ាញ នាំឱ្យករណីស្លាប់សរុបឡើងដល់ 6,499នាក់។
នៅសហរដ្ឋអាមេរិកវិញ តួលេខថ្មីបំផុតបង្ហាញថា មានមនុស្សចំនួន3,590នាក់បានឆ្លងវីរុស COVID-19 ក្នុងនោះមាន 68នាក់បានស្លាប់ និង59នាក់ បានជាសះស្បើយ។
ចំណែកនៅកម្ពុជាវិញ គិតមកដល់ពេលនេះ បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន12នាក់ ក្នុងនោះមានករណីថ្មីបំផុតចំនួន4ករណី។ ក្នុងចំណោម4ករណីថ្មី ដែលទើបត្រូវបានរកឃើញកាលពីយប់ថ្ងៃទី15 ខែមីនា ឆ្នាំ2020 គឺមានជនជាតិខ្មែរអ៊ីស្លាម2នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំងម្នាក់ និងកូនជនជាតិបារាំងអាយុ 35ឆ្នាំម្នាក់។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារមេរោគរាតត្បាតកូរ៉ូណា COVID-19 នៅឡើយ៕