“លោក Javier Solana បានឆ្លងវីរុស COVID-19 ប៉ុន្តែ ស្ថានភាពសុខភាពរបស់គាត់ កំពុងនៅល្អនៅឡើយ” នេះបើតាមប្រភពព័ត៌មាន AFP។
ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃទី14កន្លងទៅ បានដកស្រង់ប្រភពព័ត៌មានក្នុងស្រុកមួយ ឱ្យដឹងថា អតីតអគ្គលេខាធីការនៃអង្គការ NATO លោក Javier Solana ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ Madrid ប្រទេសអេស្ប៉ាញ ព្រោះតែបានឆ្លងវីរុសកូរ៉ូណា COVID-19។ ប្រភពព័ត៌មានបញ្ជាក់ថា សុខភាពរបស់លោក នៅល្អជាធម្មតា។
លោក Solana អាយុ77ឆ្នាំ ធ្លាប់បានកាន់តំណែងជាអគ្គលេខាធិការនៃអង្គការ NATO ចាប់ពីឆ្នាំ1995 ដល់ឆ្នាំ1999។ ក្រោយមក លោកបានធ្វើជាអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប(European Union) ចាប់ពីឆ្នាំ1999 ដល់ឆ្នាំ2009។
ព័ត៌មានខាងលើត្រូវបានគេរាយការណ៍ ក្នុងពេលដែលអង្គការសុខភាពពិភពលោក បានព្រមានថា អឺរ៉ុបកំពុងតែក្លាយជាតំបន់ស្នូលនៃរោគរាតត្បាត COVID-19
គិតមកដល់បច្ចុប្បន្ន(14មីនា) ប្រទេសអេស្ប៉ាញ មានអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 6,250នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ193ករណី។ ប្រទេសនេះ កំពុងក្លាយជាដែនដីដែលទទួលរងការរាតត្បាតនៃមេរោគកូរ៉ូណា ខ្លាំងជាងគេបំផុតលំដាប់ទី2នៅអឺរ៉ុប បន្ទាប់ពីប្រទេសអ៊ីតាលី៕
ប្រភព៖ សារព័ត៌មានបរទេស