មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ប្រទេសអ៊ីតាលី ក្នុងនោះមានអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានឆ្លងមេរោគកូរ៉ូណា COVID-19 ខណៈដែលប្រទេសនេះ ក្លាយជាទឹកដីដែលមានការឆ្លងរាលដាលរោគខ្លាំងបំផុតនៅអឺរ៉ុប។
ទីភ្នាក់ងារសារព័ត៌មាន CGTN ដកស្រង់ប្រភពព័ត៌មានក្នុងស្រុក បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីតាលី Pierpaolo Sileri បានប្រកាសថា លោកបានទទួលលទ្ធផលនៃការធ្វើតេស្ត ហើយថា លោកវិជ្ជមានជាមួយនឹងមេរោគ COVID-19 និងកំពុងបង្ខាំងខ្លួននៅដោយឡែក។ នេះ បើតាមសារព័ត៌មាន Reuters។
លោក Sileri គឺជាមនុស្សម្នាក់ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ប្រទេសអ៊ីតាលី ដែលបានឆ្លងមេរោគកូរ៉ូណា COVID-19 ក្នុងនោះក៏មានប្រធានសមាគមវេជ្ជសាស្ត្រនៃតំបន់ Lazio និងជាមេដឹកនាំបក្សប្រជាធិបតេយ្យ លោក Nicola Zingaretti ផងដែរ។ ជាងនេះទៀត ក៏នៅមាន លោក Alberto Cirio ដែលជាអ្នកគ្រប់គ្រងតំបន់ Piedmont លោក Salvatore Farina ជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី Anna Ascani ដែលជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ និងជាអនុប្រធានគណបក្សប្រជាធិបតេយ្យនៃប្រទេសអ៊ីតាលីផងដែរ ដែលបានឆ្លងមេរោគ COVID-19នេះ។
គិតមកដល់ពេលនេះ ប្រទេសអ៊ីតាលី មានអ្នកឆ្លងមេរោគ COVID-19 ចំនួនជាង 21,000នាក់ ក្នុងនោះមាន 1,441នាក់ បានបង់ជីវិត ខណៈដែលពិភពលោកទាំងមូល មានអ្នកឆ្លងមេរោគចំនួន 156,396នាក់ ក្នុងនោះមាន5,833នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស