លោកស្រី Begona Gomez ដែលជាភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានឆ្លងវីរុសកូរ៉ូណា COVID-19។
ការិយាល័យនាយករដ្ឋមន្ត្រីអេស្ប៉ាញ កាលពីយប់ថ្ងៃទី14មីនា បានចេញសេចក្ដីប្រកាស និងឱ្យដឹងថា លោកស្រី Belgona និងស្វាមីរបស់លោកស្រី គឺលោកនាយករដ្ឋមន្ត្រី Pedro Sanchez សុទ្ធតែនៅមានសុខភាពល្អនៅឡើយ។
ប្រទេសអេស្ប៉ាញ បានប្រកាសបិទការធ្វើដំណើរទៅ-មក ស្ទើរតែទូទាំងប្រទេស ចាប់ពីថ្ងៃទី14មីនា នាំឱ្យមនុស្សប្រមាណជា46លាននាក់ រងផលប៉ះពាល់។ ប្រជាជនទាំងអស់ត្រូវបង្ខំឱ្យនៅតែក្នុងផ្ទះ លើកលែងតែអ្នកដែលត្រូវចេញទៅក្រៅដើម្បីទិញអាហារ ថ្នាំ ទៅមន្ទីរពេទ្យ ឬមានការចាំបាច់បំផុត។
គិតមកដល់ព្រឹកនេះ ប្រទេសអេស្ប៉ាញ បានរកឃើញអ្នកផ្ទុកមេរោគរលាកសួតប្រភេទថ្មី COVID-19 ចំនួន 6,391នាក់ ក្នុងនោះមាន195នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស