លទ្ធផលនៃការធ្វើតេស្តរកមេរោគកូរ៉ូណារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញថា លោក Trump អវិជ្ជមានជាមួយនឹង COVID-19។
“ខ្ញុំបានទទួលការបញ្ជាក់ថា គាត់ (លោក Trump) អវិជ្ជមានជាមួយនឹងវីរុស COVID-19” នេះជាការប្រកាសរបស់វេជ្ជបណ្ឌិត Sean Conley ដែលជាគ្រូពេទ្យផ្ទាល់របស់ប្រធានាធិបតី កាលពីម្សិលមិញ(14មីនា)។ វេជ្ជបណ្ឌិតរូបនេះបន្តថា “1សប្ដាហ៍បន្ទាប់ពីបានទទួលទានអាហារពេលយប់ជាមួយប្រតិភូប្រេស៊ីល នៅឯ Mar-a-Lago លោកប្រធានាធិបតី នៅតែមិនមានរោគសញ្ញាអ្វីនោះឡើយ”។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើតេស្តរកមេរោគ COVID-19 បន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយនឹងសមាជិកមួយចំនួននឹងក្រុមប្រតិភូប្រធានាធិបតីប្រេស៊ីល នៅឯ Mar-a-Lago ក្នុងរដ្ឋ Florida។ លេខាផ្នែកព័ត៌មាន និងមេធាវីរបស់ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានឆ្លងវីរុស COVID-19 បន្ទាប់ពីបានវិលត្រឡប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែ លោក Jair Bolsonaro កាលពីថ្ងៃទី13មីនា បានឱ្យដឹងថា លោក អវិជ្ជមានជាមួយ COVID-19។
ថ្មីៗនេះ អ្នកនយោបាយ និងបុគ្គលល្បីៗជាច្រើនរូប បានឆ្លងមេរោគ COVID-19 រួមមានដូចជា អនុប្រធានាធិបតីអ៊ីរ៉ង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី ភរិយារបស់នាយករដ្ឋមន្ត្រីកាណាដា ភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ និងកីឡាករខ្សែបម្រើរបស់ក្រុមបាល់ទាត់ Chelsea ។ល។
គិតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន 2,726នាក់ ក្នុងនោះមាន 54នាក់បានស្លាប់ ខណៈនៅទូទាំងពិភពលោក មានមនុស្ស156,102នាក់បានឆ្លងមេរោគកូរ៉ូណា ក្នុងនោះមាន 5,819នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស