ប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោក Rodrigo Duterte បានទទួលលទ្ធផលនៃការធ្វើតេស្តរកមេរោគកូរ៉ូណា COVID-19 ហើយ ដោយលោកត្រូវបានបញ្ជាក់ថា អវិជ្ជមានជាមួយនឹងមេរោគនេះ។
សមាជិកព្រឹទ្ធសភាម្នាក់ គឺលោក Christopher Lawrence Go ដែលជាជំនួយការផ្ទាល់របស់ប្រធានាធិបតីហ្វីលីពីន បានធ្វើតេស្តរកមេរោគកូរ៉ូណា COVID-19 កាលពីថ្ងៃទី12មីនា បន្ទាប់ពីបាននៅក្បែរមន្ត្រីមួយចំនួននៅក្នុងជួរគណៈរដ្ឋមន្ត្រី ដែលពួកគេធ្លាប់បាននៅក្បែរអ្នកមានផ្ទុកមេរោគកូរ៉ូណា។
លោក Go បានឱ្យដឹងថា លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា លោក និងលោកប្រធានាធិបតី Duterte សុទ្ធតែមិនមានផ្ទុកវីរុស COVID-19 នោះទេ។
គិតមកដល់ពេលនេះ ប្រទេសហ្វីលីពីន មានអ្នកផ្ទុកមេរោគ COVID-19 ចំនួន 98នាក់ ក្នុងនោះមាន 8នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស