លោក Nasser Shabani ដែលជាមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានបាត់បង់ជីវិត ក្រោយពីបានឆ្លងមេរោគរលាកសួតថ្មី COVID-19។
ការស្លាប់របស់មេបញ្ជាការ Shabani ត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ FARS បញ្ជាក់នៅក្នុងថ្ងៃទី14មីនានេះ។ លោក Shabani គឺជាមេបញ្ជាការជាន់ខ្ពស់បំផុតរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។ លោកបានបាត់បង់ជីវិតដោយសារបានឆ្លងវីរុសកូរ៉ូណា COVID-19។
សារព័ត៌មាន FARS មិនបានរាយការណ៍អំពីមូលហេតុដែលលោក Shabani បានឆ្លងមេរោគនោះទេ ហើយក៏មិនបានប្រាប់អំពីអាយុរបស់លោកនោះដែរ។ ក៏ប៉ុន្តែ លោក Shabani បានចូលរួមបម្រើកងទ័ពចាប់ពីឆ្នាំ1982 នៅក្នុងសម័យសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់។
នៅប្រទេសអ៊ីរ៉ង់ មេរោគកូរ៉ូណា បានឆ្លងទៅមនុស្សចំនួន 12,729នាក់ ក្នុងនោះមាន 611នាក់បានបាត់បង់ជីវិត ខណៈដែលនៅទូទាំងពិភពលោក មានអ្នកឆ្លងមេរោគកូរ៉ូណាចំនួន 148,306នាក់ ក្នុងនោះមាន 5,539នាក់ស្លាប់ និង 71,718នាក់ បានជាសះស្បើយពីជំងឺ៕
ប្រភព៖ សារព័ត៌មានបរទេស