លោក Ali Akbar Velayati អាយុ74ឆ្នាំ ជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិ របស់មេដឹកនាំអ៊ីរ៉ង់ Ali Khamenei ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19។
“Ali Akbar Velayati ដែលជាអ្នកគ្រប់គ្រងមន្ទីរពេទ្យ Masih Daneshvari នៅក្នុងទីក្រុង Tehran ផងដែរនោះ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូរ៉ូណា COVID-19 ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។ ពេលនេះ លោកក៏បានឆ្លងវីរុសកូរ៉ូណា ហើយកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកផងដែរ” នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ កាលពីថ្ងៃទី12កន្លងទៅ។
លោក Ali Akbar Velayati ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ចាប់ពីឆ្នាំ 1981-1997 មុនពេលលោកក្លាយជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកកិច្ចការបរទេសរបស់មេដឹកនាំ Ali Khamenei។
ប្រទេសអ៊ីរ៉ង់ ថ្ងៃនេះ បានរកឃើញអ្នកផ្ទុក COVID-19 ចំនួន 1,289នាក់ ធ្វើឱ្យចំនួនសរុបនៃអ្នកផ្ទុកមេរោគនេះ កើនដល់ 11,364នាក់។ ថ្ងៃនេះ អ៊ីរ៉ង់ក៏បានបាត់បង់ពលរដ្ឋចំនួន85នាក់បន្ថែមទៀតដែរ ដោយសារតែមេរោគកូរ៉ូណា ធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់ 514នាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីរ៉ង់ Kianoush Jahanpour៕
ប្រភព៖ សារព័ត៌មានបរទេស