ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្ដីប្រកាសថា កម្ពុជាសម្រេចផ្អាកការអនុញ្ញាតឱ្យនាវាទេសចរណ៍ ឬនាវាដឹកអ្នកដំណើរបរទេស ចូលមកកាន់កម្ពុជាចាប់ពីថ្ងៃនេះ រហូតដល់មានការសម្រេចចិត្តសាជាថ្មី។ បម្រាមនេះ នឹងត្រូវអនុវត្តទៅលើតែនាវាទេសចរណ៍ ឬនាវាដឹកអ្នកដំណើរដែលចូលមកកម្ពុជា តាមច្រកក្អមសំណតែប៉ុណ្ណោះ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូននេះ បានឱ្យដឹងថា ការសម្រេចបែបនេះគឺដោយសារតែការឆ្លងរាលដាលនៃវីរុស COVID-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ ដែលបានចូលមកសំចតក្នុងកំពង់ផែកម្ពុជា។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ចំនួន5ករណី ដែលសុទ្ធសឹងតែបានឆ្លងពីជនបរទេស។