អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិន បានធ្វីតធើរចោទប្រកាន់ ព្រមជាមួយឃ្លីបវីដេអូដែលលោក រ៉ូប៊ើត រេដហ្វ៊ីល អគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពាររោគរបស់សហរដ្ឋអាមេរិកដែលបានចូលបកស្រាយចំពោះគណៈកម្មាធិការគ្រប់គ្រង និងកែសម្រួល នៃសភាតំណាងរាស្ត្រ ដោយបានទទួលស្គាល់ថា មានជនជាតិអាមេរិកាំងដែលស្លាប់ដោយសាររោគគ្រុនផ្ដាសាយធំ ត្រូវបានរកឃើញថាមានឆ្លងមេរោគវីរុសកូវីដ-19 មែន។
កងទ័ពសហរដ្ឋអាមេរិក អាចនៅពីក្រោយហេតុការណ៍នេះ។ ជាទ្រឹស្ដីផ្សំគំនិតដែលផ្សព្វផ្សាយនៅលើសារព័ត៌មានសង្គមអនឡាញរបស់ចិនកាលពីពេលថ្មីៗនេះថា ទាហានសហរដ្ឋអាមេរិកបាននាំមេរោគវីរុសកូរ៉ូណាប្រភេទថ្មីចូលទៅក្នុងវូហាន ក្នុងអំឡុងពេលចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទាហានពិភពលោក ឆ្នាំ2019(Military World Games) ដែលរៀបចំឡើងនៅមណ្ឌលហ៊ូពេយ អំឡុងថ្ងៃទី18 ដល់ 27 ខែតុលា ឆ្នាំ2019។
ការចោទប្រកាន់របស់អ្នកនាំពាក្យក្រសួងការបរទេសចិននេះ បានកើតឡើងបន្ទាប់ពីលោក រ៉ូប៊ើត អូប្រៃអាន់ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានរិះគន់ចិនថា បានឆ្លើយតបនឹងការឆ្លងរាតត្បាតរបស់វីរុសនៅក្នុងទីក្រុងវូហានកាលពីចុងឆ្នាំកន្លងទៅ យឺតយ៉ាវ និងមិនស្មោះត្រង់គ្រប់គ្រាន់ ធ្វើឱ្យពិភពលោកខាតពេលអស់ជិត 2ខែ សម្រាប់ការត្រៀមខ្លួនទប់ទល់ស្ថានការណ៍ឆ្លងរាតត្បាតនេះ តែលោក ចាវ លីចៀន បានធ្វើតធ្វើរតបថា គឺសហរដ្ឋអាមេរិកទៅវិញទេ ដែលខ្វះភាពស្មោះត្រង់ “អ្នកជំងឺដំបូងគេ(Patient zero) ក្នុងសហរដ្ឋអាមេរិកចាប់ផ្ដើមមកនៅពេលណា?! មានមនុស្សប៉ុន្មាននាក់ហើយដែលឆ្លងមេរោគ? ឯណាឈ្មោះមន្ទីរពេទ្យ? អាចជាទាហានសហរដ្ឋអាមេរិក ដែលនាំការឆ្លងរាលដាលដ៏ធំទៅក្នុងទីក្រុងវូហាន…ចូរបង្ហាញព័ត៌មានដល់សាធារណជនយ៉ាងស្មោះត្រង់!! សហរដ្ឋអាមេរិកត្រូវតែអធិប្បាយប្រាប់ចិនឱ្យបានចំពោះរឿងនេះ!”។
លោក ចាវ ទើបតែឡើងមកបំពេញតួនាទីជាអ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានមិនយូរប៉ុន្មាន បន្ទាប់ពីធ្វើជាអនុប្រធានស្ថានទូតចិនប្រចាំនៅប្រទេសប៉ាគីស្ថាន និងតែងតែប្រើប្រាស់ប្រព័ន្ធធ្វីតធើរឆ្លើយតបបែបកាប់ឆៅៗ និងក្ឌុងក្ឌាំងបែបនេះជានិច្ច។ កាលពីអតីត លោកធ្លាប់មានជម្លោះពាក្យសម្ដីនៅលើធ្វីតធើរ ជាមួយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី ស៊ូហ្សាន រ៉ៃស៍ ដែលធ្វើឱ្យលោកស្រី រ៉ៃស៍ ចោទលោក ចាវ ថា រើសអើងជាតិសាសន៍ពណ៌សម្បុរ។
នៅមុននេះ ក្នុងថ្ងៃជាមួយគ្នា លោក Geng Shuang អ្នកនាំពាក្យនៃកងទ័ពចិន ក៏បានរិះគន់បណ្ដាក្រុមមន្ត្រីសហរដ្ឋអាមេរិកដែរថា បានសម្ដែងការយល់ឃើញដោយគ្មានភាពទទួលខុសត្រូវ ក្រោយពីបានស្ដីបន្ទោសការទប់ទល់មេរោគវីរុសរបស់រដ្ឋាភិបាលក្រុងប៉េកាំង ធ្វើឱ្យពិភពលោកត្រូវប្រឈមនឹងស្ថានការណ៍ឆ្លងរាតត្បាតធ្ងន់ធ្ងរ…តែគឺជាចិនទៅវិញទេ ដែលខំព្យាយាមពន្យឺតការឆ្លងរាតត្បាត និងជួយពន្យារពេលឱ្យពិភពលោកបានត្រៀមខ្លួនជាស្រេចសម្រាប់ការទប់ទល់មេរោគវីរុស និងសង្ឃឹមថា អាជ្ញាធរសហរដ្ឋអាមេរិកនឹងលះបង់កម្លាំងថាមពលជាមួយការទប់ទល់មេរោគវីរុស បង្កើនការសហការ ជំនួសឱ្យការស្ដីបន្ទោសចិន៕
ប្រភព៖ សារព័ត៌មានបរទេស