“បើដឹងថា នឹងមានថ្ងៃនេះ(ដែលមានអ្នកស្លាប់ច្រើនបែបនេះ) ខ្ញុំនឹងមិនខ្វល់អ្វីទាំងអស់ ទោះជាត្រូវទទួលទោសធ្ងន់ធ្ងរខាងវិន័យយ៉ាងណាក៏ដោយ ក៏ខ្ញុំនឹងនិយាយយ៉ាងចំហ…” លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន។
រឿងធំ រឿងក្ដៅប្រចាំសប្ដាហ៍ដែលត្រូវបានស៊ែរតៗគ្នានៅក្នុងបណ្ដាញសង្គមដ៏ធំមួយនៅក្នុងប្រទេសចិន វីឆាត(WeChat) គឺរឿងរ៉ាវរបស់ “អ្នកប្រកាសដំណឹង” លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ប្រធានផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកណ្ដាល ទីក្រុងវូហាន។ លោកស្រីជាមនុស្សដំបូងគេ ដែលចេញមកបង្ហើបរឿងរោគរាតត្បាតវីរុសកូរ៉ូណាប្រភេទថ្មីក្នុងរង្វង់គ្រូពេទ្យដូចគ្នានៅក្នុងវូហាន ដែលតមកលោកវេជ្ជបណ្ឌិត លី វឹនលៀង អ្នកពលីជីវិតក្នុងសមរភូមិវីរុសកូវីដ និងគ្រូពេទ្យដទៃទៀតបាននាំគ្នាចេញមកជួយគ្នា “ផ្សាយដំណឹង”។
“នៅថ្ងៃទី30 ធ្នូ ឆ្នាំ2019 លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន បានអានរបាយការណ៍ករណីអ្នកជំងឺឆ្លងមេរោគវីរុសរលាកសួតអាថ៌កំបាំងម្នាក់ លោកស្រីបានប្រើគំនូសរង្វង់មូលពណ៌ក្រហមបញ្ជាក់ដោយតួអក្សរថា “វីរុសកូរ៉ូណាSARS”។ នៅពេលនិស្សិតពេទ្យសួរពាក់ព័ន្ធនឹងករណីនេះ លោកស្រីបានថតរបាយការណ៍នោះ បញ្ជូនបន្តទៅឱ្យមិត្តភក្តិរបស់និស្សិតម្នាក់នោះ។ នៅរាត្រីនោះឯង របាយការណ៍នោះត្រូវបានបញ្ជូនបន្តទៅទូទាំងពិភពគ្រូពេទ្យក្នុងទីក្រុងវូហាន។ ក្រុមអ្នកដែលបញ្ជូនបន្តរបាយការណ៍ 1ច្បាប់នោះ មានទាំងគ្រូពេទ្យ 8នាក់ ដែលត្រូវប៉ូលិសចាប់ខ្លួនយកទៅសាកសួរ និងដាក់ទោសខាងវិន័យ។
លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ត្រូវប្រឈមនឹងបញ្ហាលំបាក ពីបទជាដើមរឿងនៃការបញ្ជូនបន្តរបាយការណ៍នោះ។ គណៈកម្មាធិការត្រួតពិនិត្យវិន័យប្រចាំមន្ទីរពេទ្យ បានកោះហៅលោកស្រីទៅសាកសួរ និងបាន “ទិតៀន និងដាក់ទោសកម្រិតធ្ងន់ធ្ងរ ជាករណីដែលមិនធ្លាប់មានពីមុនមក”។ លោកស្រីត្រូវបានថ្កោលទោសថា ជាអ្នកជំនាញការដែលបង្កើតព័ត៌មានចចាមអារ៉ាម។
“អៃ ហ្វឹន គឺជាករណីគ្រូពេទ្យម្នាក់ទៀតដែលត្រូវបានសាកសួរ កោះហៅទៅទិតៀន ដាក់ទោស និងអប់រំវិន័យ” ដែលលេចឡើងច្បាស់។ កាលពីពេលមុនហ្នឹង មានរបាយការណ៍ទាំងក្នុងសារព័ត៌មានរបស់រដ្ឋចិនដូចជា ស៊ីនហួ និងសារព័ត៌មានប្រជាជន(People daily) គឺករណីលោកវេជ្ជបណ្ឌិត លី វឹនលៀង ដែលជាគ្រូពេទ្យតែម្នាក់គត់ដែលចេញមក “ប្រកាសដំណឹង”។ (លោកវេជ្ជបណ្ឌិត លី អាយុ 34ឆ្នាំ បានស្លាប់កាលពីថ្ងៃទី7 កុម្ភៈ ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី)។
មនុស្សម្នាដែលបានដឹងរឿងរ៉ាវទាំងនេះ បានដាក់រហស្សនាមឱ្យលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ថាជា “អ្នកផ្លុំកញ្ចែ(ប្រកាសអាសន្ន)” តែលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន បានសុំកែរហស្សនាមរបស់ខ្លួនឯងថាជា “អ្នកចែកកញ្ចែ” វិញ។
រឿងរ៉ាវ “អ្នកចែកកញ្ចែ” ដែលអ្នកលេងអ៊ីនធើណិត ស៊ែរតៗគ្នាយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុង WeChat នេះ ចេញមកពី “រឿងលើទំព័រទី1” របស់ព្រឹត្តិបត្រចិនឈ្មោះថា “បុគ្គល” ដែលបានបោះពុម្ពផ្សាយនៅថ្ងៃទី10 ខែមីនា ឆ្នាំ2020 គឺជាបទសម្ភាសរបស់លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីពេទ្យទីក្រុងវូហាន…តែនៅពេលព្រឹត្តិបត្រនេះ ចេញលក់នៅលើតូបកាសែតកាលពីថ្ងៃអង្គារ(ទី10មីនា) បានត្រឹមតែ 3ម៉ោងគត់ ក៏ត្រូវប្រកាសឱ្យដកចេញពីគ្រប់តូបកាសែតវិញភ្លាម។
អ្នកយកព័ត៌មាននៃព្រឹត្តិបត្រ “បុគ្គល” ដែលសម្ភាសលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន បានប្រាប់ថា គាត់បានសម្ភាសលោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន នៅថ្ងៃទី1 មីនា នៅពេលព្រឹកព្រលឹម ម៉ោងប្រហែល5។ បន្ទាប់ពីនោះប្រមាណជាកន្លះម៉ោង មិត្តរួមការងាររបស់លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន គឺលោកវេជ្ជបណ្ឌិត ចៀង ស្វៀស៊ីង ប្រធានផ្នែកវះកាត់ថៃរ៉យដ៍ និងដើមទ្រូង នៃមន្ទីរពេទ្យកណ្ដាល ទីក្រុងវូហានក៏ស្លាប់ដោយសារមេរោគវីរុសកូវីដ-19 ហើយ 2ថ្ងៃតមកទៀត អនុប្រធានផ្នែកជំងឺចក្ខុ(ភ្នែក) នៃមន្ទីរពេទ្យកណ្ដាល ទីក្រុងវូហាន លោកវេជ្ជបណ្ឌិត មើយ ចុងមិង ក៏ស្លាប់ដោយសារវីរុសកូវីដ-19 ដូចគ្នា(គ្រូពេទ្យ មើយ ជាមិត្តសម្លាញ់នឹងលោកគ្រូពេទ្យ លី វឹនលៀង)។
បន្ទាប់ពីមានដំណឹងពីការប្រមូលព្រឹត្តិបត្រ “បុគ្គល” នៅក្នុងប្រទេសចិនដែលបោះពុម្ពផ្សាយពីបទសម្ភាសរបស់លោកស្រីវេជ្ជបណ្ឌិត អៃ ហ្វឹន រួចមក ក៏មានការរៀបចំការសម្ដែង “សិល្បកម្មប្រជាជន” ជារឿងរ៉ាវរបស់ “អ្នកផ្លុំកញ្ចែ” ក្នុងវើហ្សឹន 33ភាសា និងលេខកូដ ទាំងភាសាបុរាណចិនដែលចារិកនៅលើស្នូកអណ្ដើក តួអក្សរប្រ៊េលល៍(សម្រាប់អ្នកពិការភ្នែក)មកមើលជាគំរូវើហ្សឹនភាសា និងលេខកូដផ្សេងៗដែលរៀបរាប់ពីរឿងរ៉ាវរបស់ “អ្នកចែកកញ្ចែ”៕
ប្រភព៖ សារព័ត៌មានបរទេស