លោក Mikel Arteta ត្រូវបានក្រុមវេជ្ជបណ្ឌិតរកឃើញថា មានផ្ទុកវីរុស COVID-19 ហើយថាគ្រូបង្វឹករូបនេះ ប្រហែលជាបានចម្លងមេរោគទៅឱ្យសមាជិកផ្សេងៗក្នុងក្រុម ក៏ដូចជាក្រុមគ្រូបង្វឹកដទៃរបស់ Arsenal ផងដែរ។
ការប្រកាសរបស់ Arsenal ដែលបានធ្វើឡើងកាលពីយប់ម្សិលមិញ បានលើកឡើងថា “មជ្ឈមណ្ឌលហ្វឹកហាត់របស់យើង (London Colney) ត្រូវបានបិទបណ្ដោះអាសន្ន បន្ទាប់ពីប្រធានក្រុមគ្រូបង្វឹក លោក Mikel Arteta ត្រូវបានធ្វើតេស្ត និងរកឃើញថា មានផ្ទុកវីរុស COVID-19។ បុគ្គលិកទាំងអស់ក្នុងក្លឹប ដែលធ្លាប់បានប្រស្រ័យទាក់ទងផ្ទាល់ជាមួយ Mikel ក្នុងពេលកន្លង នឹងត្រូវបង្ខាំងខ្លួននៅដាច់ដោយឡែក ទៅតាមការណែនាំរបស់រដ្ឋាភិបាល”។
បច្ចុប្បន្ន គេមិនទាន់ដឹងថា គ្រូបង្វឹករូបនេះ បានឆ្លងមេរោគពីអ្នកណានៅឡើយ ប៉ុន្តែ គេសង្ស័យថា គ្រូបង្វឹករូបនេះ ប្រហែលជាបានឆ្លងពីលោក Evangelos Marinakis។ មុននេះ លោក Evangelos Marinakis ដែលជាម្ចាស់ក្លឹប Olympiacos ធ្លាប់បានជួបផ្ទាល់ជាមួយក្រុមមេដឹកនាំ ក៏ដូចជាកីឡាករមួយចំនួនរបស់ក្លឹប Arsenal នៅពេលដែលក្លឹបទាំង2នេះ បានប្រកួតជាមួយគ្នានៅ Europa League កាលពីខែកុម្ភៈ។ ក្រោយមកមិនយូរប៉ុន្មាន បន្ទាប់ពីការប្រកួតតង់ទី2 នៅ Emirates លោក Marinakis ប្រកាសថា លោកមានផ្ទុកវីរុស COVID-19។ បញ្ហានេះក៏បានធ្វើឱ្យការប្រកួតបន្ថែមម៉ោងរវាង Arsenal និង Man City កាលពីពាក់កណ្ដាលសប្ដាហ៍នេះ ត្រូវបានពន្យាពេលផងដែរ។
សារព័ត៌មាន Sky Sports បានឱ្យដឹងថា តាមគម្រោង ក្រុម Arsenal នឹងត្រូវប្រកួតជាមួយក្រុម Brighton នៅថ្ងៃសៅរ៍ខាងមុខនេះ នៅក្នុងក្របខណ្ឌ English Premier League។ ប៉ុន្តែ ដោយមានការប្រែប្រួលទាក់ទិននឹងរោគរាតត្បាត COVID-19 នៅក្នុងក្លឹប Arsenal ការប្រកួតនោះប្រាកដជាត្រូវបានលើកពេលមិនខាន។
នៅព្រឹកថ្ងៃសុក្រ(ម៉ោងក្នុងស្រុក) គណៈកម្មការនៃពានរង្វាន់បាល់ទាត់ English Premier League នឹងត្រូវបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីកែសម្រួលកាលបរិច្ឆេទនៃការប្រកួត៕