COVID-19 បានបង្ហាញខ្លូននៅក្នុងប្រទេស និងដែនដីចំនួន126 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជាង 134,000នាក់ បានឆ្លងមេរោគនេះ និងជិត5,000នាក់បានបាត់បង់ជីវិត ក្នុងនោះ ចំនួនអ្នកបានឆ្លងរោគនៅអ៊ីតាលី កើនឡើងខ្លាំងគួរឱ្យភ័យខ្លាច។
នៅអឺរ៉ុប ប្រទេសអ៊ីតាលី កាលពីថ្ងៃទី12មីនា បានរកឃើញអ្នកឆ្លងរោគបន្ថែមចំនួនដល់ទៅ 2,651ករណី ធ្វើឱ្យចំនួនអ្នកជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយវីរុស COVID-19នៅប្រទេសនេះ ឡើងដល់ 15,113នាក់។ អ៊ីតាលីក៏ជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ដោយមានអ្នកស្លាប់ 1,016នាក់ កើន189នាក់ បើធៀបនឹងមុននេះ1ថ្ងៃ។
នាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte កាលពីថ្ងៃទី11មីនា បានស្នើឱ្យបិទហាងទំនិញទាំងអស់ក្នុងប្រទេសនេះ លើកលែងតែឱសថស្ថាន និងហាងលក់ស្បៀងអាហារ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។
អេស្ប៉ាញ និងអាល្លឺម៉ង់ ក៏បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាថ្មីបន្ថែម ដោយមានជាបន្តបន្ទាប់គឺ 869 និង 779ករណី។ ធ្វើឱ្យចំនួននៃអ្នកឆ្លងរោគកូរ៉ូណាសរុបនៅអេស្ប៉ាញ គឺមាន 3,146នាក់ និងអាល្លឺម៉ង់ មាន 2,745នាក់។ ចំណែកអ្នកស្លាប់សរុបនៅអេស្ប៉ាញ មាន86នាក់ និងអាល្លឺម៉ង់ មាន6នាក់។
ប្រទេសបារាំង រកឃើញអ្នកឆ្លងរោគបន្ថែម 595នាក់ ធ្វើឱ្យចំនួនអ្នកដែលបានឆ្លងរោគកូរ៉ូណា របស់ប្រទេសនេះ ឡើងដល់ 2,876នាក់ ក្នុងនោះមាន61នាក់បានបាត់បង់ជីវិត ខណៈដែលប្រទេសអង់គ្លេស បច្ចុប្បន្នមានអ្នកផ្ទុកមេរោគ COVID-19 សរុប590នាក់ កើន130ករណី បើធៀបនឹងម្សិលមិញ ក្នុងនោះមាន10បានបាត់បង់ជីវិត។
នៅឯទ្វីបអាស៊ីវិញ ប្រទេសជប៉ុន បានរកឃើញករណីឆ្លងរោគបន្ថែម52ករណី នាំឱ្យចំនួនសរុបនៃអ្នកបានឆ្លងមេរោគកូរ៉ូណា ឡើងដល់ 691នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន19នាក់ កើន4ករណី ធៀបនឹងម្សិលមិញ។
កូរ៉េខាងត្បូង បានរកឃើញអ្នកផ្ទុកមេរោគបន្ថែម114ករណី ធ្វើឱ្យចំនួនអ្នកបានឆ្លងមេរោគសរុប ឡើងដល់ 7,869នាក់ ក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ 66នាក់។
ប្រទេសចិនឯណោះវិញ បើតាមតួលេខចុងក្រោយបង្ហាញថា ប្រទេសនេះ មានអ្នកស្លាប់ដោយសារ COVID-19 សរុប 3,172នាក់ ចំណែកអ្នកបានឆ្លងមេរោគ មានចំនួន80,932នាក់។ ប្រទេសចិន កាលពីម្សិលមិញ ក៏បានប្រកាសថា ប្រទេសនេះ បានឆ្លងផុតដំណាក់កាលធ្ងន់ធ្ងរបំផុតនៃរោគរាតត្បាតនេះ ខណៈដែលតួលេខនៃអ្នកបានឆ្លងជារៀងរាល់ថ្ងៃ បានថយចុះជាបន្តបន្ទាប់។
នៅមជ្ឈិមបូពា៌ ប្រទេសអ៊ីរ៉ង់ បានរកឃើញអ្នកផ្ទុកមេរោគបន្ថែម 1,075ករណី និងអ្នកស្លាប់បន្ថែម 75ករណី ធ្វើឱ្យចំនួនសរុបនៃអ្នកជំងឺកូរ៉ូណា ឡើងដល់ 10,075នាក់ អ្នកស្លាប់សរុប 429នាក់។
សហរដ្ឋអាមេរិក មានអ្នកផ្ទុកមេរោគ COVID-19 សរុប 1,670ករណី។ ចំនួនអ្នកស្លាប់សរុប 40នាក់ កើន2ករណី បើធៀបនឹងម្សិលមិញ។
COVID-19 បានបង្ហាញខ្លួននៅក្នុងបណ្ដាប្រទេសនៅទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។ ប្រទេស Gabon ប្រទេស Ghana ប្រទេស Trinidad និងប្រទេស Tobago រួមនឹង Guyana គឺជាប្រទេសដែលបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាដំបូងកាលពីម្សិលមិញដូចគ្នា។ នៅទូទាំងពិភពលោក បច្ចុប្បន្នមានអ្នកឆ្លង COVID-19 សរុប 128,343នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 4,970នាក់ និង68.925នាក់ បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស