កម្ពុជាធ្វើតេស្តរកមេរោគកូរ៉ូណា COVID-19 ទៅលើជនជាតិអង់គ្លេស2នាក់ដែលជាប្ដី-ប្រពន្ធនឹងគ្នា ហើយលទ្ធផលបានបង្ហាញថា អ្នកទាំង2នេះ មានផ្ទុកមេរោគ COVID-19។
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសអំពីព័ត៌មាននេះ នៅវេលាថ្ងៃត្រង់ ថ្ងៃទី12មីនានេះ។ ក្រសួងបានឱ្យដឹងថា ជនជាតិអង់គ្លេស ជាប្តី-ប្រពន្ធពីរនាក់ដែលមានផ្ទុកមេរោគ COVID-19នេះ បានធ្វើដំណើរតាមនាវាទេសចរណ៍ Viking Cruise Journey ដែលធ្វើដំណើរពីទីក្រុងហូជីមិញ ភាគខាងត្បូងប្រទេសវៀតណាម និងមកចូលសំចតនៅឯកំពង់ផែខេត្តកំពង់ចាម។
បច្ចុប្បន្ន ប្តីប្រពន្ធជនជាតិអង់គ្លេសទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។
គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណា COVID-19 ចំនួន5ករណី ខណៈពិភពលោក ចំនួនអ្នកដែលបានឆ្លងវីរុសនេះ បានកើនដល់ 126,254នាក់ ក្នុងនោះមាន 4,637នាក់ បានបាត់បង់ជីវិត។