ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រកាសថា អង្គការនេះបានវាយតម្លៃ និងចាត់ទុក COVID-19 គឺជា “ជំងឺរាតត្បាតសកល” ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ក្នុងពិភពលោក ចាត់វិធានការខ្លាំងក្លាបំផុតដើម្បីទប់ទល់នឹងរោគរាតត្បាតនេះ។
“យើងមានករព្រួយបារម្ភបំផុតអំពីកម្រិតនៃការឆ្លងរាលដាល ភាពធ្ងន់ធ្ងររបស់វីរុស រួមនឹងការព្រងើយកន្ដើយដ៏គួរឱ្យបារម្ភនៃភាគីមួយចំនួន។ ដូច្នេះ យើងបានវាយតម្លៃថា COVID-19 អាចត្រូវបានចាត់ទុកថាជា ជំងឺរាតត្បាតសកល”។ នេះបើតាមសម្ដីរបស់ប្រធានអង្គការសុខភាពពិភពលោក ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីម្សិលមិញ នៅឯប្រទេសស្វីស។
លោក Tedros បានឱ្យដឹងថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅខាងក្រៅប្រទេសចិន បានកើនឡើងច្រើនជាងមុន13ដង ក្នុងអំឡុង2សប្ដាហ៍កន្លងមកនេះ។ លោក Tedros បន្តថា “យើងព្យាករថា តួលេខនៃករណីឆ្លង ករណីស្លាប់ និងចំនួនប្រទេសដែលរងផលប៉ះពាល់ នឹងកើនឡើងច្រើន និងខ្ពស់ជាងនេះ ក្នុងរយៈប៉ុន្មានថ្ងៃ និងប៉ុន្មានសប្ដាហ៍ខាងមុខ”។
Mike Ryan អ្នកគ្រប់គ្រងកម្មវិធីប្រតិកម្មបន្ទាន់របស់ WHO បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ការដែលអង្គការនេះប្រើពាក្យ “ជំងឺរាតត្បាតសកល” ដើម្បីសំដៅទៅលើ COVID-19 គឺមិនធ្វើឱ្យមានការផ្លាស់ប្ដូរទាក់ទិននឹងវិធីទប់ទល់របស់ពួកគេនោះទេ។
WHO ធ្លាប់បានប្រកាសអាសន្នផ្នែកវេជ្ជសាស្ត្រនៅទូទាំងពិភពលោក កាលពីថ្ងៃទី30មករា ដែលកាលនោះ ចំនួនករណីឆ្លង COVID-19 នៅខាងក្រៅប្រទេសចិន មិនដល់100នាក់ផង។ ប៉ុន្តែ បច្ចុប្បន្ន រោគរាតត្បាតនេះ បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន120ទៅហើយ។ គិតមកដល់បច្ចុប្បន្ន ជំងឺរាតត្បាតសកលនេះ បានសម្លាប់មនុស្សចំនួន 4,630នាក់ និងបានឆ្លងទៅមនុស្សចំនួន 126,135នាក់ នៅទូទាំងពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស