COVID-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន122 នៅទូទាំងពិភពលោក ហើយបានធ្វើឱ្យមនុស្សជាង126,000នាក់ ត្រូវឆ្លងជម្ងឺរលាកសួតប្រភេទថ្មី និងបានសម្លាប់មនុស្សជាង4,600នាក់ ក្នុងនោះ កំណើននៃចំនួនអ្នកស្លាប់ដោយសារមេរោគនេះនៅអ៊ីតាលី លឿនជាងគេបង្អស់។
ប្រទេសអ៊ីតាលី បានបញ្ជាក់ថា តួលេខថ្មីនៃចំនួនអ្នកស្លាប់បន្ថែមគឺ 196ករណី ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅប្រទេសនេះ ឡើងដល់ 827នាក់។ ប្រទេសនេះក៏បានរកឃើញអ្នកជំងឺថ្មីចំនួន 2,313ករណី នាំឱ្យចំនួនសរុបនៃអ្នកបានឆ្លងមេរោគនេះ កើនដល់12,462នាក់ ឈរលំដាប់ទី2 ក្នុងពិភពលោក។
នៅប្រទេសអ៊ីរ៉ង់ ចំនួនករណីឆ្លងវីរុសកូរ៉ូណា កាលពីថ្ងៃទី11មីនា គឺ9,000នាក់ កើន958ករណី។ ជាមួយនឹងករណីស្លាប់ថ្មីចំនួន63នាក់ អ៊ីរ៉ង់បច្ចុប្បន្នមានអ្នកស្លាប់ដោយសារ COVID-19 ឡើងដល់354នាក់។
ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី11មីនា មានអ្នកឆ្លងមេរោគចំនួន242ករណីបន្ថែមទៀត នាំឱ្យចំនួនសរុបនៃករណីឆ្លងក្នុងប្រទេសនេះ កើនដល់ 7,755នាក់ ក្នុងនោះ មានអ្នកស្លាប់60នាក់។ កូរ៉េខាងត្បូង ព្រឹកនេះមិនទាន់បានប្រកាសឱ្យដឹងជាផ្លូវការអំពីស្ថិតិថ្មីបំផុតនៅឡើយ។ ប្រទេសនេះ តែងប្រកាស2លើកក្នុង1ថ្ងៃ គឺព្រឹក និងល្ងាច។
តួលេខនៃករណីឆ្លង និងស្លាប់នៅក្នុងប្រទេសចិន គិតមកថ្ងៃទី11មីនា តាមលំដាប់លំដោយគឺ 80,921នាក់ និង 3,161នាក់។
ប្រទេសជប៉ុន ក៏បានរកឃើញអ្នកជំងឺថ្មីចំនួន 52នាក់ នាំឱ្យចំនួនករណីឆ្លងរោគកូរ៉ូណា COVID-19 ក្នុងប្រទេសនេះឡើងដល់ 639នាក់។ ចំណែកករណីស្លាប់វិញ មានចំនួន15នាក់។
ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ មានករណីឆ្លងរោគថ្មីជាបន្តបន្ទាប់ ក្នុងនោះ ចំនួនករណីឆ្លងថ្មីនៅអេស្ប៉ាញគឺ493នាក់ និងអាល្លឺម៉ង់គឺ 288នាក់។ ចំនួនករណីឆ្លងសរុបនៅអេស្ប៉ាញ គឺ 2,188នាក់ ចំណែកអាល្លឺម៉ង់ គឺ 1,853នាក់។ រីឯតួលេខនៃអ្នកស្លាប់ដោយសារ COVID-19 នៅអេស្ប៉ាញគឺ 49នាក់ និងអាល្លឺម៉ង់ គឺមានចំនួន3នាក់។
អង់គ្លេស មានករណីឆ្លងថ្មីចំនួន 73នាក់ ធ្វើឱ្យចំនួនសរុបនៃករណីឆ្លង COVID-19 នៅប្រទេសនេះ កើនដល់ 456នាក់ ក្នុងនោះមានអ្នកស្លាប់ 6នាក់។
ចំណែកប្រទេសស្វីស ហូឡង់ និងស៊ុយអែត សុទ្ធតែបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា COVID-19 ករណីថ្មី លើសពី 120នាក់ដូចគ្នា។ ចំនួនអ្នកបានឆ្លងមេរោគកូរ៉ូណាសរុប នៅក្នុងប្រទេសទាំង3នេះ គឺ ស្វីស 652នាក់ ហូឡង់ 503នាក់ និងប្រទេសស៊ុយអែតមាន 477នាក់ ហើយប្រទេសទាំងនេះ ក៏សុទ្ធតែមានអ្នកស្លាប់ថ្មីចំនួន1ករណីដូចគ្នា។ ឯចំនួនករណីស្លាប់សរុបនៃប្រទេសទាំងនេះ គឺ ស្វីស 4នាក់ ហូឡង់ 5នាក់ និងស៊ុយអែត 1នាក់។
សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងមេរោគថ្មីចំនួន309នាក់ នាំឱ្យអ្នកផ្ទុកមេរោគ COVID-19 ក្នុងប្រទេសនេះ កើនដល់ 1,303នាក់។ ករណីស្លាប់ បានឡើងដល់38នាក់ កើន7ករណី បើធៀបនឹង1ថ្ងៃមុន។
ករណីដែលគួរឱ្យព្រួយបារម្ភជាងគេនៅមជ្ឈិមបូពា៌ នោះគឺប្រទេសកាតារ។ កាលពីថ្ងៃទី11មីនា ប្រទេសនេះ បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន 238ករណីបន្ថែមទៀតក្នុងពេលត្រឹមតែ1ថ្ងៃ ខណៈមុននោះ1ថ្ងៃ កាតារ មានអ្នកជំងឺត្រឹមតែ24នាក់ប៉ុណ្ណោះ។
បែលហ្ស៊ិក ហូឡង់ ប៊ុលហ្គារី និងអៀរឡង់ គឺជាបណ្ដាប្រទេសដែលមានអ្នកស្លាប់ដំបូងដោយសារ COVID-19 កាលពីម្សិលមិញ (11មីនា) និងនៅព្រឹកនេះ។
ប្រទេសហុងឌូរ៉ាស (នៅអាមេរិកកណ្ដាល) និងកូតឌីវ័រ (នៅអាហ្វ្រិកខាងលិច) រួមនឹងកោះ Reunion របស់បារាំង គឺជាទឹកដីចុងក្រោយដែលបានរកឃើញអ្នកផ្ទុក COVID-19៕
ប្រភព៖ សារព័ត៌មានបរទេស