អនុប្រធានាធិបតីទី1របស់ប្រទេសអ៊ីរ៉ង់ Eshaq Jahangiri និង រដ្ឋមន្ត្រី2រូប របស់ប្រទេសនេះ ត្រូវបានធ្វើតេស្តរកឃើញវីរុស COVID-19 នេះបើតាមសារព័ត៌មាន Fars។
សារព័ត៌មាន Fars ដកស្រង់ប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយ កាលពីថ្ងៃទី11មីនា ឱ្យដឹងថា អនុប្រធានាធីបតីអ៊ីរ៉ង់ Eshaq Jahangiri បានឆ្លងវីរុស COVID-19។ ព័ត៌មាននេះ ត្រូវបានលើកឡើង ក្រោយពីមានដំណឹងចចាមអារ៉ាមអំពីស្ថានភាពសុខភាពរបស់លោក Eshaq Jahangiri ដោយសារតែលោកមិនបានចូលរួមក្នុងកិច្ចប្រជុំកំពូលនានាក្នុងពេលថ្មីៗរបស់ប្រទេសអ៊ីរ៉ង់។ បច្ចុប្បន្ន គេមិនទាន់ដឹងថា លោក Eshaq Jahangiri ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ក្នុងពេលថ្មីៗនេះដែរ ឬអត់នោះទេ។
សារព័ត៌មាន Fars ក៏បានឱ្យដឹងថា បច្ចុប្បន្ន អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Eshaq កំពុងបង្ខាំងខ្លួននៅដាច់ដោយឡែកពីគេ ហើយស្ថានភាពសុខភាពរបស់គាត់នៅល្អនៅឡើយ។
ក្រៅពីអនុប្រធានាធិតី Eshaq Jahangiri រដ្ឋមន្ត្រី2រូបផ្សេងទៀតរបស់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគ COVID-19 រួមមាន រដ្ឋមន្ត្រីក្រសួងបេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ Ali Asghar Mounesan និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងអាជីវកម្ម Reza Rahmani។
បច្ចុប្បន្ន សារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ មិនទាន់បានចេញប្រកាសជាផ្លូវការអំពីករណីថ្មីទាំងនេះនៅឡើយ។ បើសិនជាព័ត៌មាននេះត្រូវបានបញ្ជាក់ជាផ្លូវការ នោះករណីទាំងនេះនឹងធ្វើឱ្យមន្ត្រីកំពូលៗនៅអ៊ីរ៉ង់ កាន់តែប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសកូរ៉ូណានេះខ្ពស់បំផុត។ នេះបើតាមសារព័ត៌មាន Aljazeera។
មុនករណីនេះ អនុប្រធានាធិបតីទទួលបន្ទុកកិច្ចការនារី លោកស្រី Masoumeh Ebtekar និងអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Iraj Harirchi រួមនឹងតំណាងរាស្ត្ររាប់សិបនាក់ផ្សេងទៀតរបស់អ៊ីរ៉ង់ ក៏ត្រូវបានបញ្ជាក់ថា បានឆ្លងវីរុស COVID-19 ផងដែរ។
បច្ចុប្បន្ន អ៊ីរ៉ង់ គឺជាសម្បុកមេរោគកូរ៉ូណាធំបំផុត1 របស់ពិភពលោក។ គិតមកដល់ពេលនេះ ប្រទេសអ៊ីរ៉ង់ មានអ្នកឆ្លងមេរោគនេះសរុប 9,000នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ 354នាក់។
នៅទូទាំងពិភពលោក ចំនួនអ្នកបានឆ្លងវីរុសកូរ៉ូណាបានកើនដល់ 125,865នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 4,615នាក់៕
ប្រភព៖ សារព័ត៌មានបរទេស