បុគ្គលិកផ្នែកអន្តោប្រវេសន៍ថៃ2រូបនៅព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគកូរ៉ូណា ដែលករណីនេះត្រូវបានគេជឿថា មានអ្នកដំណើរជាច្រើនត្រូវឆ្លងរោគកូរ៉ូណាពីមន្ត្រីទាំងនេះមិនខាន។
Sopon Iamsirithaworn ដែលជាមន្ត្រីម្នាក់មកពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺរបស់ប្រទេសថៃ បានឱ្យដឹងថា បុគ្គលិកទី2រូបដែលមានតួនាទីគ្រប់គ្រងផ្នែកអន្តោប្រវេសន៍នេះ ត្រូវបានក្រុមគ្រូពេទ្យឱ្យដឹងថា បានឆ្លងមេរោគកាលពីថ្ងៃទី7មីនា និងទី8មីនា។ មន្ត្រីខាងលើបន្តថា បុគ្គលិកទាំង2នាក់នេះ ប្រហែលជាបានប៉ះពាល់អ្នកដំណើរជាច្រើនរូប មុនពេលពួកគេត្រូវបានពិនិត្យ និងរកឃើញមេរោគនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសថៃ ក្នុងថ្ងៃនេះក៏បានប្រកាសថានឹងផ្អាកផ្ដល់ទិដ្ឋាការទៅឱ្យពលរដ្ឋកូរ៉េខាងត្បូង អ៊ីតាលី និងហុងកុងផងដែរ។
ប្រទេសថៃ បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូរ៉ូណាចំនួន59ករណី ក្នុងនោះមានអ្នកជំងឺម្នាក់កំពុងស្ថិតក្នុងស្ថានភាពអាសន្ន និង34នាក់បានជាសះស្បើយ។ ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បានឱ្យដឹងថា ចាប់ពីថ្ងៃទី13មីនា ក្រុមហ៊ុននេះនឹងផ្អាកជើងហោះហើរទាំងអស់ដែលហោះទៅកាន់ប្រទេសអ៊ីតាលី ដែលជាតំបន់មួយមានអ្នកផ្ទុកមេរោគកូរ៉ូណាជាង 10,000នាក់ និងអ្នកស្លាប់ជាង600នាក់៕
ប្រភព៖ សារព័ត៌មានបរទេស