“យេីងខ្ញុំសូមជំរាបជូនសាធារណជនថា ការទូរស័ព្ទចូលលេខ 115 មកមន្រ្តីទទួលបន្ទុក 115 នេះ មាន70% បានការដេីម្បីសួរព័ត៌មានអំពីជំងឺ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព និង 30% ភាគរយមិនបានការ។” នេះគឺជាការលើកឡើងនៅលើទំព័រ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា CDC។
នៅវេលាម៉ោងប្រហែលជា12ៈ30នាទីថ្ងៃត្រង់នេះ នៅលើទំព័រ Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) បានបង្ហោះសារមួយដែលផ្ញើជូនសាធារណជន និងអាជ្ញាធរដើម្បីជ្រៀប។ ក្នុងខ្លឹមសារនៃសារនេះ បានលើកឡើងថា ទូរស័ព្ទលេខ 115 គឺប្រើសម្រាប់ទទួលការហៅចូលពីអ្នកទាំងឡាយណាដែលមានបញ្ហាទាក់ទិននឹងវីរុស COVID-19។ ប៉ុន្តែ CDC ឱ្យដឹងថា ក្នុងចំណោមការហៅចូលលេខទូរស័ព្ទ 115នេះ គឺមានដល់ទៅ30% គឺជាការហៅមិនបានការ ដោយរួមមាន៖
1. ប្រេីកុមារតូចៗឱ្យនិយាយជំនួស
2. ទូរស័ព្ទចូលមិននិយាយ បេីកចោល
3. ទូរស័ព្ទចូល ចាក់ចំរៀងឱ្យស្តាប់
4. ប្រេីសម្ដីអសុរោះ និងពាក្យប្រមាថ
5. អ្នកស្រវឹង ទូរស័ព្ទចូលនិយាយស្តាប់មិនយល់
6. ។ ល។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) ក៏បានសំណូមពរដល់សាធារណជន ឱ្យទុកឱកាសដល់អ្នកដទៃដែលត្រូវការចាំបាច់ក្នុងការហៅទៅលេខ 115 ទាក់ទិននឹងបញ្ហា COVID-19។ CDC ថែមទាំងបានស្នើឱ្យអាជ្ញាធរដែនដី ចាត់វិធានការទៅតាមច្បាប់ ទៅលើជនណាដែលបានហៅចូលលេខទូរស័ព្ទ 115 ដោយគ្មានប្រយោជន៍ និងរំខានដល់ដំណើរការនៃលេខទូរស័ព្ទនេះ៕