នៅមុននេះបន្តិច (11មីនា) វៀតណាមបានប្រកាសអំពីការរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ករណីទី35 នៅប្រទេសនេះ។ អ្នកជំងឺនេះ គឺជាបុគ្គលិកនៅផ្សារទំនើប Supermarket electronics Green មួយកន្លែង នៅក្នុងខេត្តដាណាំង ភាគកណ្ដាលប្រទេសវៀតណាម និងជាអ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកទេសចរជនជាតិអង់គ្លេស2នាក់ដែលមានផ្ទុកវីរុស COVID-19។
ក្រសួងសុខាភិបាលវៀតណាម ប្រកាសថា អ្នកជំងឺកូរ៉ូណាទី35របស់វៀតណាម គឺជានារីជនជាតិវៀតណាមម្នាក់ មានអាយុ29ឆ្នាំ។ ចំណែកជនជាតិអង់គ្លេស2រូបដែលបានចម្លងវីរុស COVID-19 ទៅឱ្យនារីខាងលើនេះ គឺជាអ្នកជំងឺទី22 និង23 ដែលត្រូវបានរកឃើញនៅប្រទេសវៀតណាម។
បច្ចុប្បន្ន នារីដែលបានឆ្លងមេរោគកូរ៉ូណាខាងលើ កំពុងត្រូវបានព្យាបាល និងដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យដាណាំង។
គិតមកដល់ថ្ងៃត្រង់ (11មីនា)នេះ ប្រទេសវៀតណាម បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 35នាក់ ក្នុងនោះមាន 16នាក់បានជាសះស្បើយ ចំណែក19នាក់ផ្សេងទៀត កំពុងទទួលការព្យាបាល៕
ប្រភព៖ សារព័ត៌មានបរទេស