រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តនេះ បានបញ្ចេញលទ្ធផលនៃការធ្វើតេស្តរកមេរោគទៅលើបុរសជាម្ចាស់ម៉ូតូកង់3ឥណ្ឌាម្នាក់ ដែលធ្លាប់បានដឹកជនជាតិជប៉ុនដែលមានផ្ទុកមេរោគកូរ៉ូណានេះហើយ ដោយបង្ហាញថា ម្ចាស់ម៉ូតូកង់3ម្នាក់នេះ មិនមានផ្ទុកមេរោគ COVID-19នោះទេ។
រដ្ឋបាលខេត្តសៀមរាប បានបន្តថា ពេលនេះ បុរសជាម្ចាស់ម៉ូតូកង់3ខាងលើ មិនមានរោគសញ្ញាអ្វីនោះដែរ ពោលគឺគាត់មានសុខភាពល្អធម្មតា។ បុរសនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល14ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីបន្តតាមដានសុខភាព។
គិតមកដល់ថ្ងៃនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន3ករណីហើយ ដោយករណីទី1គឺជាជនជាតិចិន ដែលត្រូវបានរកឃើញនៅខេត្តព្រះសីហនុកាលពីថ្ងៃទី27មករា។ ចំណែកករណីទី2 គឺជាបុរសជនជាតិខ្មែរនៅខេត្តសៀមរាប ដែលជាមនុស្សម្នាក់ ធ្លាប់បានធ្វើការជាមួយជនជាតិជប៉ុនម្នាក់ដែលត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូរ៉ូណា នៅពេលគាត់ត្រឡប់ទៅដល់ប្រទេសជប៉ុន។ រីឯករណីទី3 ដែលត្រូវបានរកឃើញនៅខេត្តកំពង់ចាម គឺជាស្ដ្រីអ្នកទេសចរជនជាតិអង់គ្លេសម្នាក់ មានអាយុ65ឆ្នាំ ដែលធ្វើដំណើរតាមនាវាទេសចរណ៍មួយ មកពីប្រទេសវៀតណាម៕