រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ19 មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ 65ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសចរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។
ការប្រកាសរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រលប់ថ្ងៃទី10 ខែមីនា ឆ្នាំ2020 នេះ នៅទីស្តីការក្រសួងសុខាភិបាល។ នេះគឺជាករណីទី3 នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី1 នៅលើខ្លួនជនជាតិចិនដែលត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី2 នៅលើខ្លួនជនជាតិខ្មែរអាយុ 38ឆ្នាំ នៅខេត្តសៀមរាប។
តាមរយៈទំព័រ Facebook នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC ស្ត្រីជនជាតិអង់គ្លេសដែលផ្ទុកមេរោគ Covid-19 កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សំគាលទេ។ ចំណែកអ្នកប៉ះពាល់ទាំងអស់នឹងយកវត្ថុវិភាគ ដាក់ឱ្យនៅដោយឡែក និងតាមដានសុខភាពចំនួន 14ថ្ងៃ។ នេះជាករណីនាំចូលពីប្រទេសពីប្រទេសក្រៅ។
ប្រទេសកម្ពុជាយេីងមិនទាន់រកឃេីញភស្តុតាងបញ្ជាក់ថាមានការឆ្លងនៅក្នុងសហគមន៍នៅឡេីយទេ៕