អ្នកជំនាញខាងជំងឺរាតត្បាតរបស់ចិន បានបង្ហើបឱ្យដឹងពីរបាយការណ៍ថ្មីចុងក្រោយបំផុត ដែលសង្កត់ធ្ងន់ពីលើភាពសំខាន់នៃការពាក់ម៉ាស់អនាម័យការពារនៅក្នុងរថយន្តធ្វើដំណើរផ្លូវឆ្ងាយ និងបិទបង្អួចជិត។
លទ្ធផលសិក្សាស្រាវជ្រាវដោយក្រុមអ្នកជំនាញការខាងរោគរាតត្បាតរបស់រដ្ឋបាលចិន បានរកឃើញថា មេរោគវីរុស COVID-19 អាចស្ថិតក្នុងអាកាសធាតុបានយ៉ាងតិច 30នាទី និងធ្វើដំណើរបានឆ្ងាយដល់ទៅ 4.5ម៉ែត្រ ច្រើនជាងចម្ងាយសុវត្ថិភាពដែលអាជ្ញាធរសុខាភិបាលទូទាំងពិភពលោក បានណែនាំឱ្យនៅឆ្ងាយពីអ្នកផ្ទុកមេរោគ 1-2ម៉ែត្រ ទៅទៀត។
ក្រៅពីនេះ អ្នកស្រាវជ្រាវបានរកឃើញទៀតថា មេរោគវីរុស COVID-19 អាចមានជីវិតបានយូរច្រើនថ្ងៃនៅលើវត្ថុដែលមានកម្ទេចលម្អងពីប្រព័ន្ធផ្លូវដង្ហើមដែលធ្លាក់ចុះមកលើស្រទាប់លើ ដែលបង្កើនភាពប្រថុយប្រថានក្នុងការចម្លងមេរោគថែមទៀត បើសិនជាមានអ្នកណាយកដៃមកប៉ះកម្ទេចលម្អងនៅលើវត្ថុនោះ ហើយយកទៅប៉ះផ្ទៃមុខ តែរយៈពេលដែលមេរោគស្ថិតនៅលើវត្ថុអ្វីមួយនោះ វាស្ថិតនៅលើបច្ច័យជាច្រើន ដូចជាសីតុណ្ហភាព និងប្រភេទនៃវត្ថុ ដូចជាបើស្ថិតក្នុងសីតុណ្ហភាព 37អង្សាC មេរោគអាចមានជីវិតនៅបានយូរដល់ទៅ2-3ថ្ងៃ នៅលើកែវ ក្រណាត់ លោហៈ ប្លាស្ទិក ឬក្រដាស ជាដើម។
សម្រាប់ប្រទេសចិន ដោយសាររដ្ឋបាលចិនបានកំណត់ឱ្យរថយន្តដឹកអ្នកដំណើរផ្លូវឆ្ងាយទាំងអស់ ត្រូវបំពាក់កេមេរ៉ាសុវត្ថិភាព ទើបឃ្លីបដែលបានមក មានប្រយោជន៍ជាខ្លាំងសម្រាប់អ្នកស្រាវជ្រាវ ក្នុងការសិក្សាពីវិធីការចម្លងមេរោគនៅក្នុងរថយន្តBus ដែលបិទបង្អួចជិតទាំងអស់ ទើបគេអាចអះអាងបានថា ស្ថិតនៅក្នុងសភាពបរិស្ថានបែបបិទជិត មានម៉ាស៊ីនត្រជាក់ មេរោគវីរុសកូរ៉ូណាប្រភេទថ្មី នឹងអាចចម្លងបានឆ្ងាយជាងរយៈសុវត្ថិភាពដែលយើងបានដឹងទៅទៀត ក្រៅពីនេះ នៅមានភាពប្រថុយប្រថានក្នុងការដែលមេរោគវីរុសអាចនៅតែមាន បន្ទាប់ពីអ្នកដំណើរដែលមានជាប់មេរោគបានចុះពីរថយន្តBus ទៅហើយទៀតផង ដូច្នេះហើយទើប ដំបូន្មានរបស់យើងគឺ “ត្រូវពាក់ម៉ាស់អនាម័យការពារគ្រប់ពេលវេលា ពេលស្ថិតនៅក្នុងរថយន្តធ្វើដំណើរ”៕
ប្រភព៖ សារព័ត៌មានបរទេស