ក្រោមការស៊ើបអង្កេតតាមរកប្រភពកំណើតរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីដែលបង្កឱ្យកើតជំងឺឆ្លងពីមេរោគ COVID-19 នាពេលបច្ចុប្បន្ន បានកើតមានពាក្យចចាមអារ៉ាម និងការផ្ដល់ព័ត៌មានក្លែងក្លាយជាច្រើន រហូតក្លាយជាចរន្តក្ដៅគគគុកមួយឡើង…ទីភ្នាក់ងារព័ត៌មានស៊ីនហួ បានរួបរួមរឿងពិត 3ប្រការដូចខាងក្រោម៖
1. ជំងឺឆ្លងមេរោគវីរុស COVID-19 មានដើមកំណើតពីធម្មជាតិ
ព្រឹត្តិបត្រវេជ្ជសាស្ត្រល្បីល្បាញលំដាប់ពិភពលោក ឌឹ លែនសិត (The Lancet) បានផ្សព្វផ្សាយសេចក្ដីថ្លែងការណ៍កាលពីខែកុម្ភៈ ដោយបានបដិសេធអំណះអំណាងដែលថា ជំងឺឆ្លងមេរោគវីរុស COVID-19 មិនបានមានដើមកំណើតតាមធម្មជាតិ និងថ្កោលទោសទ្រឹស្ដីសមគំនិតពាក់ព័ន្ធនឹង “អាវុធជីវសាស្ត្រ”។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា គណៈអ្នកវិទ្យាសាស្ត្រមកពីប្រទេសជាច្រើន បានវិភាគអំពីពូជអម្បូររបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មីនេះ និង “បានសរុបយ៉ាងដាច់ខាតថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ មានដើមកំណើតនៅក្នុងសត្វព្រៃ ដូចគ្នានឹងចុល្លជីវៈបង្កជំងឺថ្មីចំនួនច្រើនដទៃទៀតដែរ”។
ក្រុមអ្នកជំនាញការផ្នែកសុខភាពចំនួន 27នាក់ បានរៀបរាប់ថា “ក្រសែព័ត៌មានចចាមអារ៉ាម និងការផ្ដល់ព័ត៌មានបែបខុសឆ្គង ពាក់ព័ន្ធនឹងដើមកំណើតរបស់ជំងឺរាតត្បាតនេះ កំពុងធ្វើឱ្យខូចខាតការចែករំលែកព័ត៌មានដែលឆាប់រហ័ស ធំទូលាយ និងច្បាស់លាស់នាពេលបច្ចុប្បន្ន”។
2. ដើមកំណើតរបស់ជំងឺឆ្លងមេរោគវីរុស COVID-19 មិនទាន់បង្ហាញច្បាស់ និងមិនចាំបាច់ត្រូវតែនៅក្នុងប្រទេសចិននោះទេ
ចុង ណានសាន អ្នកជំនាញការខាងជំងឺប្រព័ន្ធដកដង្ហើមល្បីឈ្មោះរបស់ចិន បាននិយាយថា ជំងឺរាតត្បាតបានបង្ហាញខ្លួនឡើងលើកដំបូងនៅក្នុងប្រទេសចិន តែមិនចាំបាច់ត្រូវតែមានដើមកំណើតពីប្រទេសចិននោះទេ។
អង្គការសុខភាពពិភពលោក (WHO) បានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ជាច្រើនដងថា ការប្រើពាក្យ COVID-19 ជាឈ្មោះសម្រាប់ហៅជំងឺឆ្លងពីមេរោគវីរុសកូរ៉ូណាប្រភេទថ្មី គឺដើម្បីការពារការប្រើឈ្មោះហៅផ្សេងៗទៀត ដែលអាចនឹងជាការបំពាន ឬជាការបំផ្លាញកេរ្តិ៍ឈ្មោះ ដូចជាការហៅទៅតាមទីតាំងខាងភូមិសាស្ត្រ ដូចជា “វីរុសវូហាន” ជាដើម។
ការថ្លែងព័ត៌មានប្រចាំថ្ងៃរបស់ស្ថាប័ននេះ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ជាប្រធានបទបញ្ហាលំដាប់ពិភពលោក និងព័ន្ធកិច្ចក្នុងការស៊ើបស្វែងរកប្រភពកំណើតរបស់មេរោគវីរុសប្រភេទនេះនៅតែកំពុងដំណើរការបន្តទៅទៀត។
3. មជ្ឈមណ្ឌលកណ្ដាលនៃការឆ្លងរាលដាល និងដើមកំណើតមេរោគវីរុស អាចមិនមែនកន្លែងតែមួយ
សៀវភៅ “ការឆ្លងរាតត្បាតទូទៅរបស់ជំងឺគ្រុនផ្ដាសាយអេស្បាញៈ1918(Spanish Flu Pandemic: 1918) របស់ កេលវីន ចេមស៍ បានបញ្ជាក់ថា ជំងឺគ្រុនផ្ដាសាយធំអេស្បាញ1918 ដែលបានសម្លាប់ជីវិតមនុស្សទូទាំងពិភភពលោកប្រមាណជា 50-100លាននាក់នោះ ត្រូវបានដាក់ឈ្មោះឱ្យបែបនេះ គឺ ដោយសារតែល្បែងនយោបាយក្នុងអំឡុងសង្គ្រាមលោកលើកទី1។
ប្រទេសអេស្បាញ ដែលដាក់ខ្លួនឯករាជ្យ(មិនលម្អៀងខាងណា)ក្នុងអំឡុងសង្គ្រាមនៅពេលនោះ បានរាយការណ៍ពីការឆ្លងរាតត្បាតរបស់ជំងឺគ្រុនផ្ដាសាយធំកើតថ្មី យ៉ាងបើកចំហ ដែលផ្ទុយនឹងបណ្ដាប្រទេសស្រេកឃ្លានសង្គ្រាមដទៃទៀតដែលខំព្យាយាមបិទបាំង ព្រោះត្រូវការរក្សាស្មារតី និងកម្លាំងចិត្តរបស់ទាហាន។
ខណៈដែលជំងឺគ្រុនផ្ដាសាយធំប្រភេទ អេចឆ៍1 អិន1 (H1N1) ឬគ្រុនផ្ដាសាយជ្រូក ដែលឆ្លងរាលដាលក្នុងអំឡុងដើមឆ្នាំ2009 រហូតចុងឆ្នាំ2010 ត្រូវបានស្គាល់តាមរយៈចំនួនអ្នកឆ្លងមេរោគនេះដ៏ច្រើននៅក្នុងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែ អត្ថបទ “From where did the 2009 ‘swine-origin’ influenza A virus(H1N1) emerge?” ដែលបានផ្សព្វផ្សាយតាមរយៈព្រឹត្តិបត្រ វីរុសវិទ្យា(Virology Journal) ឆ្នាំ2009 បានបញ្ជាក់ថា ការវិភាគខាងវិទ្យាសាស្ត្រ និងការតាមដានព័ត៌មាន បានរកឃើញថា មេរោគបង្កជំងឺផ្ដាសាយជ្រូក ចាប់ផ្ដើមពីមនុស្សនៅក្នុងប្រទេសមិកស៊ិក៕
ប្រភព ៖ សារព័ត៌មានបរទេស