លោក Salvatore Farina ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានផ្ទុកមេរោគកូរ៉ូណា Covid-19 និងកំពុងបង្ខាំងខ្លួននៅក្នុងផ្ទះ និងបានក្លាយជាមន្ត្រីយោធាជាន់ខ្ពស់បំផុត ដែលបានឆ្លងរោគរាតត្បាតនេះ។
“មេបញ្ជាការកងទ័ពជើងគោកអ៊ីតាលី លោក Salvatore Farina បានបង្ខាំងខ្លួនឯងនៅក្នុងផ្ទះ បន្ទាប់ពីគាត់មានអាការមិនស្រួលខ្លួន។ លោក Salvatore Farina ត្រូវបានក្រុមវេជ្ជបណ្ឌិតពិនិត្យសុខភាព និងបានធ្វើតេស្តរកឃើញថា លោកវិជ្ជមានជាមួយនឹងវីរុស Covid-19។ តួនាទីរបស់លោក នឹងត្រូវបានជំនួសបណ្ដោះអាសន្នដោយមេបញ្ជាការ Ferderco Bonato”។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន ANSA ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង Rome របស់អ៊ីតាលី ចេញផ្សាយកាលពីម្សិលមិញ។
សារព័ត៌មានប្រទេសអ៊ីតាលីបានឱ្យដឹងថា លោក Farina នៅមានសុខភាពល្អនៅឡើយ ប៉ុន្តែ គេមិនទាន់ដឹងច្បាស់អំពីប្រភពចម្លងមេរោគនេះទៅគាត់នៅឡើយដែរ។ លោក Farina គឺជាអ្នកដឹកនាំកំពូលនៃកងទ័ពជើងគោកអ៊ីតាលី ហើយក៏ជាមន្ត្រីយោធាជាន់ខ្ពស់បំផុតក្នុងជួរកងទ័ពរបស់អ៊ីតាលី ដែលបានឆ្លងមេរោគ Covid-19។
តួលេខអ្នកឆ្លងមេរោគ Covid-19 នៅប្រទេសអ៊ីតាលី កើនឡើងខ្លាំងជាងគេក្នុងរយៈពេលតែ24ម៉ោងចុងក្រោយនេះ ខណៈដែលបានរកឃើញអ្នកជំងឺថ្មី 1,797នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកដែលបានឆ្លងមេរោគនៅប្រទេសនេះ កើនដល់ 9,172នាក់ ហើយបានក្លាយជាសម្បុកមេរោគ Covid-19 ធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។
អ៊ីតាលីក៏ជាប្រទេសដែលមានអ្នកស្លាប់ដោយសារ Covd-19 ខ្ពស់បំផុតលំដាប់ទីពីរក្នុងលោក បន្ទាប់ពីប្រទេសចិនផងដែរ ដោយមានអ្នកស្លាប់ 463នាក់ គឺកើន97ករណី បើធៀបនឹង1ថ្ងៃមុន។ នាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានចេញបទបញ្ជាដាក់បម្រាមគោចរនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងវីរុសដ៏កំណាចនេះ។
គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុស Covid-19 ចំនួន 113,605នាក់ ក្នុងនោះមាន 4,012នាក់ បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស