ក្រសួងសុខាភិបាលវៀតណាម នៅល្ងាចនេះ (9មីនា) បានប្រកាសឱ្យដឹងថា បុរសជនជាតិអង់គ្លេសម្នាក់ អាយុ49ឆ្នាំ ធ្វើដំណើរតាមជើងយន្តហោះ VN0054 មានផ្ទុកមេរោគ Covid-19។
វត្ថុវិភាគដែលយកពីអ្នកដំណើរនេះ ត្រូវបានមជ្ឈមណ្ឌលគ្រប់គ្រងរោគ Quang Nam ផ្ញើទៅកាន់មន្ទីរពេទ្យ Pasteur Nha Trang ដើម្បីពិសោធរកមេរោគ។ អ្នកជំងឺនេះ កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Quang Nam ខាងជើង (Hospital northern mountainous Quang Nam)។ នេះបើតាមសារព័ត៌មាន VNexpress។
នៅក្នុងចំណោមអ្នកមានផ្ទុកមេរោគ Covid-19 ចំនួន 15នាក់ដែលទើបបានប្រកាសឱ្យដឹងថ្មីៗនេះ គឺមានម្នាក់មកពីប្រទេសកូរ៉េខាងត្បូង ចំណែក14នាក់ផ្សេងទៀត បានធ្វើដំណើរតាមជើងយន្តហោះ London-Hanoi ឬមានជាប់ទាក់ទិននឹងជើងហោះហើរនេះ។
អាជ្ញាធរវៀតណាម បានរកឃើញមនុស្សរាប់រយនាក់ ដែលជាប់ទាក់ទិនផ្ទាល់ និងប្រយោលជាមួយនឹងអ្នកជំងឺដែលធ្វើដំណើរតាមជើងយន្តហោះ VN0054ខាងលើ។
បច្ចុប្បន្ន ប្រទេសវៀតណាម មានអ្នកជំងឺកូរ៉ូណា Covid-19 ចំនួន 31នាក់ ក្នុងនោះមាន 16នាក់បានជាសះស្បើយ។ ក្រៅពីនេះ មនុស្សរាប់ពាន់នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ក្រោមការតាមដានរបស់ក្រសួងសុខាភិបាលវៀតណាម។ ថ្នាក់ដឹកនាំជាច្រើនរូបនៃប្រទេសនេះ ក៏កំពុងបង្ខាំងខ្លួនឯងរយពេល 14ថ្ងៃ ព្រោះតែមានជាប់ទាក់ទិនផ្ទាល់ជាមួយនៃអ្នកជំងឺ Covid-19។
ទន្ទឹមនឹងនេះ សាលារៀននៅក្នុងបណ្ដាខេត្តក្រុងចំនួន22នៃប្រទេសនេះ ក៏ត្រូវបានបិទជាបណ្ដោះអាសន្ន ក្នុងនោះមានទីក្រុងហូជីមិញ ដែលមានជនជាតិខ្មែររាប់សែននាក់កំពុងធ្វើការនៅទីនេះ។ សាលារៀននៅក្នុងខេត្តត្រាវិញ (Travinh/ព្រះត្រពាំង) ដែលជាខេត្ត1មានជនជាតិខ្មែរជាង 30% និងជនជាតិចិន 1,65% ក៏ត្រូវបានបិទបណ្ដោះអាសន្នផងដែរ៕