អភិបាលតំបន់ Piedmont លោក Alberto Cirio ត្រូវបានគេធ្វើតេស្តឃើញថា មានផ្ទុកវីរុសកូរ៉ូណា Covid-19 ក្លាយជាអ្នកដឹកនាំតំបន់ទី2 របស់អ៊ីតាលី ដែលបានឆ្លងមេរោគនេះ ក្នុងរយៈពេលត្រឹមតែ 24ម៉ោងកន្លងប៉ុណ្ណោះ។
តំបន់ Piedmont ស្ថិតនៅក្នុងភាគពាយព្យនៃប្រទេសអ៊ីតាលី ដោយមានទីក្រុងធំឈ្មោះ Turin។ នេះគឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់បំផុតលំដាប់ទី4 ដោយសារវីរុស Covid-19 នៃប្រទេសនេះ។
នៅមុនករណីឆ្លងរោគរបស់អភិបាលតំបន់ Piedmont អភិបាលតំបន់ Lazio លោក Nicola Zingaretti អាយុ54ឆ្នាំ កាលពីថ្ងៃទី7មីនា ក៏បានប្រកាសថា បានឆ្លងរោគរាតត្បាត Covid-19 នេះដែរ ប៉ុន្តែ លោកឱ្យដឹងថា លោកនៅមានសុខភាពល្អនៅឡើយ។ លោក Zingaretti ក៏ជាមេដឹកនាំបក្សប្រជាធិបតេយ្យនៃប្រទេសអ៊ីតាលី ហើយបក្សនេះ បានរួមដៃជាមួយចលនាផ្កាយ5 (Five Star Movement) បង្កើតបានជារដ្ឋាភិបាលចម្រុះ ដឹកនាំប្រទេសអ៊ីតាលីផងដែរ។
ប្រទេសអ៊ីតាលី បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 1,492នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកបានឆ្លងវីរុសនេះ កើនដល់ 7,375នាក់។ បច្ចុប្បន្ន ប្រទេសនេះ បានក្លាយជាសម្បុកមេរោគកូរ៉ូណាធំបំផុតទី2 ជំនួស “តំណែង” របស់កូរ៉េខាងត្បូង៕
ប្រភព៖ សារព័ត៌មានបរទេស