Covid-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន102 នៅទូទាំងពិភពលោក បានបណ្ដាលឱ្យមនុស្សជាង 106,011នាក់ឆ្លងមេរោគនេះ ក្នុងនោះវាក៏បានសម្លាប់មនុស្ស 3,570នាក់ផងដែរ។
តួលេខនៃករណីឆ្លងនៅអ៊ីតាលី និងអ៊ីរ៉ង់ បានកើនឡើងយ៉ាងរហ័សក្នុងប៉ុន្មានថ្ងៃមកនេះ។ បច្ចុប្បន្ន អ៊ីតាលី បានរកឃើញអ្នកផ្ទុកមេរោគបន្ថែម 1,247នាក់ ធ្វើឱ្យចំនួនអ្នកជំងឺរលាកសួតប្រភេទថ្មីនៅប្រទេសនេះ កើនដល់ 5,883នាក់ ខណៈដែលចំនួនអ្នកផ្ទុកមេរោគនេះនៅអ៊ីរ៉ង់គឺ 5,823នាក់។
អ៊ីតាលី នៅតែជាប្រទេសដែលមានអ្នកស្លាប់ដោយសារមេរោគ Covid-19 ច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ដោយអ៊ីរ៉ង់មានអ្នកស្លាប់ 233នាក់ គឺកើន36ករណី បើធៀបនឹង1ថ្ងៃមុន។ ប្រទេសនេះ កំពុងត្រៀមខ្លួនសម្រាប់បិទមិនឱ្យចេញ-ចូលតំបន់ Lombardy ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមនៃមេរោគកូរ៉ូណា។
ប្រទេសចិន មិនទាន់ប្រកាសឱ្យដឹងជាផ្លូវការនូវស្ថិតិស្ដីអំពីតួលេខអ្នកឆ្លងមេរោគកូរ៉ូណាកាលពីម្សិលមិញនៅឡើយ។
កូរ៉េខាងត្បូង បច្ចុប្បន្នគឺជាសម្បុកមេរោគកូរ៉ូណាធំទី2នៅក្នុងពិភពលោក ដោយមានអ្នកជំងឺជាង 7,041នាក់ កើន483ករណី បើធៀបនឹង1ថ្ងៃមុន និងមានអ្នកស្លាប់ចំនួន48នាក់។
អាល្លឺម៉ង់ និងបារាំង បានរកឃើញករណីថ្មីច្រើន ក្នុងនោះប្រទេសអាល្លឺម៉ង់ មានអ្នកជំងឺ 800នាក់ និងប្រទេសបារាំងមានអ្នកជងឺ 949នាក់។
ប្រទេស Bulgaria, Moldova, Paraguay, Maldives និង Malta បានរកឃើញករណីឆ្លងមេរោគដំបូងកាលពីថ្ងៃទី7មីនាផងដែរ។
Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅតំបន់ Wuhan កាលពីខែធ្នូ ឆ្នាំ2019 និងបានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន 102 នៅពាសពេញពិភពលោក ធ្វើឱ្យមនុស្សចំនួនជាង 106,000នាក់បានក្លាយជាអ្នកជំងឺ និងជិត 3,600បានស្លាប់ និង 58,635នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស