មនុស្ស2នាក់ដែលត្រូវបានគេធ្វើតេស្តឃើញថា មានផ្ទុកមេរោគកូរ៉ូណា Covid-19 បន្ទាប់ពីបានចូលរួមកិច្ចប្រជុំមួយនៅឯទីក្រុង Washington ដែលមានការចូលរួមពីអនុប្រធានាធិតបីអាមេរិក លោក Mike Pence។
សន្និសីទគោលនយោបាយ ដែលត្រូវបានធ្វើឡើងដោយគណៈកម្មាធិការកិច្ចការសាធារណៈអាមេរិកាំងអ៊ីស្រាអែល ហៅកាត់ថា AIPAC (American Israel Public Affairs Committee) នៅទីក្រុង Washington ចាប់ពីថ្ងៃទី1 ដល់ទី3មីនា ក៏មានវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងសមាជិកសភារាប់សិបនាក់ទៀត ក្នុងនោះក៏មានមេដឹកនាំក្រុមសំឡេងភាគច្រើននៃសភាជាន់ខ្ពស់ លោក Mitch Mcconnell និងអតីតបេក្ខភាពប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យ លោក Mike Bloomberg ផងដែរ។
នៅក្នុងអ៊ីម៉េលដែលត្រូវបានផ្ញើទៅកាន់មនុស្សដែលបានចូលរួមសន្និសីទខាងលើ បូករួមទាំងក្រុមវាគ្មិន និងការិយាល័យសភាផង កាលពីថ្ងៃទី6 ខែមីនា AIPAC បានឱ្យដឹងថា មនុស្ស2នាក់ដែលបានឆ្លងមេរោគ Covid-19 នោះ បានធ្វើដំណើរពីទីក្រុង New York ទៅចូលរួមសន្និសីទនេះនៅឯទីក្រុង Washington។
រដ្ឋ New York បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគកូរ៉ូណាចំនួនជាង 44នាក់ ដែលពួកគេភាគច្រើននៅក្នុងតំបន់ Westchecter។
អនុប្រធានាធិបតីអាមេរិក លោក Mike Pence គឺជាអ្នកដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 របស់អាមេរិក។ ប្រទេសនេះ បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 410នាក់ ក្នុងនោះ 15នាក់បានជាសះស្បើយ និង17នាក់បានបាត់បង់ជីវិត។ រដ្ឋ Washington California Florida និង Maryland បានប្រកាសភាពអាសន្នដោយសាររោគរាតត្បាត Covid-19 បានឆ្លងរាលដាលខ្លាំង៕
ប្រភព៖ សារព័ត៌មានបរទេស