នៅរសៀលថ្ងៃនេះ (7មីនា) កម្ពុជាបានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាម្នាក់បន្ថែមទៀត បន្ទាប់ពីបានដាក់មនុស្សចំនួនជាង 40នាក់ ឱ្យនៅក្រោមការតាមដានពិសេស នៅឯខេត្តសៀមរាប។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា ការរកឃើញអ្នកផ្ទុកមេរោគ Covid-19 ទី2នេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តចេញបញ្ជាឱ្យបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាបជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ។
ការរកឃើញអ្នកផ្ទុកមេរោគ Covid-19 ថ្មី ទី2នេះ ក៏នឹងធ្វើឱ្យព្រឹត្តិការសំខាន់ៗមួយចំនួននៅខេត្តសៀមរាបត្រូវបានផ្អាក។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯទីស្ដីការក្រសួងសុខាភិបាលថា នាល្ងាចនេះថា ជាមួយនឹងការបិទសាលារៀនក្នុងទីរួមខេត្តសៀមរាបជាបណ្ដោះអាសន្ន ព្រឹត្តិការអង្គរសង្ក្រាន្តដែលគ្រោងនឹងប្រារព្ធនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខក៏នឹងត្រូវបានផ្អាកផងដែរ។
គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគ Covid-19 ចំនួន2នាក់ និងជាង40នាក់កំពុងស្ថិតក្នុងការតាមដានសុខភាព។ ចំណែកនៅទូទាំងពិភពលោកឯណោះវិញ ចំនួនអ្នកបានឆ្លងមេរោគ Covid-19 បានកើនឡើងដល់ 102,471នាក់ ក្នុងនោះមានអ្នកស្លាប់ជិត 3,500នាក់៕