បុគ្គលិកនាវាចំនួន19នាក់ និងអ្នកទេសចរ 2នាក់នៅលើនាវាទេសចរណ៍ Grand Princess របស់អាមេរិក ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូរ៉ូណា Covid-19 នេះបើតាមការឱ្យដឹងរបស់អនុប្រធានាធិបតីអាមេរិក កាលពីម្សិលមិញ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី6មីនា លោក Mike Pence ដែលជាអនុប្រធានាធិបតីអាមេរិក បានឱ្យដឹងថា “វត្ថុវិភាគចំនួន 21 ត្រូវបានធ្វើតេស្តរកឃើញថាមានវីរុស Covid-19 ចំណែកវត្ថុវិភាគចំនួន 24ផ្សេងទៀតមិនមានមេរោគ។ វត្ថុវិភាគក្រៅពីនេះ មិនទាន់ចេញលទ្ធផលនៃការធ្វើតេស្តនៅឡើយ។ វត្ថុវិភាគដែលមានវីរុសគឺជារបស់នាវិក19នាក់ និងអ្នកទេសចរចំនួន2នាក់”។ នេះបើតាមសារព័ត៌មាន Reuters។
អនុប្រធានាធិបតីអាមេរិក បានបន្តថា “នាវា Grand Princess នឹងត្រូវនាំទៅកាន់កំពង់ផែ និងតម្រូវឱ្យផ្អាកធ្វើសកម្មភាពពាណិជ្ជកម្មនៅចុងសប្ដាហ៍នេះ ហើយអ្នកទេសចរ និងក្រុមនាវិកសរុប 3,533នាក់ ដែលនៅលើនាវានេះក៏នឹងត្រូវធ្វើតេស្តរកមេរោគ”។
សូមបញ្ជាក់ថា នាវា Grand Princess ត្រូវបានដាក់ឱ្យចតនៅដាច់ដោយឡែកលើលម្ហសមុទ្រ San Francisco កាលពីថ្ងៃទី5មីនា បន្ទាប់ពីអ្នកទេសចរ3នាក់បានឆ្លងមេរោគ Covid-19 ក្នុងនោះ មានអ្នកទេសចរវ័យ71ឆ្នាំម្នាក់ បានបាត់បង់ជីវិត។ នាវានេះ បានធ្វើដំណើរចេញពី San Francisco ទៅកាន់ Mexico កាលពីខែមុន។
គិតមកដល់ព្រឹកនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគ Covid-19 ចំនួន 330នាក់ និងអ្នកស្លាប់ចំនួន 14នាក់ ខណៈដែលនៅទូទាំងពិភពលោក មានអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា Covid-19 ឡើងដល់ 3,491នាក់៕
ប្រភព៖ សារព័ត៌មានបរទេស