ក្រុមមន្ត្រីសុខាភិបាលខេត្ត Gansu នៃប្រទេសចិន បានឱ្យដឹងថា ខេត្តនេះបានរកឃើញអ្នកផ្ទុកមេរោគ Covid-19 បន្ថែម 17ករណី ធ្វើឱ្យចំនួនអ្នកផ្ទុកមេរោគដែលមកពីប្រទេសអ៊ីរ៉ង់ កើនឡើងដល់ 28នាក់។
អ្នកផ្ទុកមេរោគ 17នាក់ខាងលើ ស្ថិតក្នុងចំណោមអ្នកដំណើរ 283នាក់ដែលកំពុងត្រូវបានបង្ខាំងក្នុងបន្ទប់ដាច់ដោយឡែក នាទីក្រុង Lanzhou នៃខេត្ត Gansu ប្រទេសចិន។ អ្នកទាំង 283នាក់នេះ មកកាន់ទីក្រុង Lanzhou តាមយន្តហោះ ចាប់ពីថ្ងៃទី 2-5 ខែមីនា នេះបើតាមការប្រកាសរបស់គណៈកម្មការសុខាភិបាលទីក្រុង Lanzhou កាលពីថ្ងៃទី6 ខែមីនា។
ប្រទេសចិន បានព្រមានអំពីហានិភ័យនៃការឆ្លងមេរោគ Covid-19 បញ្ច្រាសត្រឡប់ចូលប្រទេសចិនវិញ ពីប្រទេសផ្សេងៗក្នុងពិភពលោក នៅពេលដែលស្ថានភាពរោគរាតត្បាតនៅប្រទេសចិន មានភាពធូរស្រាល។ ខេត្ត Zhejiang កាលពីថ្ងៃទី2 និងទី3 ខែមីនា បានរកឃើញអ្នកផ្ទុកមេរោគចំនួន2ករណី ដែលពួកគេសុទ្ធតែជាអ្នកត្រឡប់មកពីសង្កាត់ Bergamo ក្នុងតំបន់ Lombardy ដែលជាសម្បុកមេរោគកូរ៉ូណាធំបំផុតនៅប្រទេសអ៊ីតាលី។
Gansu គឺជាខេត្តដំបូងគេរបស់ប្រទេសចិន ដែលបានទម្លាក់ការប្រកាសអាសន្នមកនៅត្រឹមកម្រិតទី3ក្នុងចំណោម4កម្រិតនៃការប្រកាសអាសន្ន កាលពីខែកុម្ភៈ ដោយសារតែតំបន់នេះ មានអ្នកឆ្លងមេរោគកូរ៉ូណាថ្មី មានកម្រិតទាប។ មុនពេលរកឃើញអ្នកផ្ទុកមេរោគ Covid-19 មកពីប្រទេសអ៊ីរ៉ង់ ខេត្ត Gansu ក៏ធ្លាប់មានអ្នកផ្ទុកមេរោគ នេះចំនួន 91នាក់ និងអ្នកស្លាប់ 2នាក់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស