រោគរាតត្បាត Covid-19 បានបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួនជិត100 នៅជុំវិញពិភព លោក បណ្ដាលឱ្យមានអ្នកផ្ទុកមេរោគនេះ ចំនួនជាង 102,050នាក់ ក្នុងនោះមាន 3,466នាក់ បានបាត់បង់ជីវិត។
ចំនួនករណីឆ្លងមេរោគ Covid-19 នៅប្រទេសអ៊ីតាលី និងអ៊ីរ៉ង់ កំពុងតែបន្តកើនឡើងយ៉ាងលឿន។ ប្រទេសអ៊ីតាលីបានរកឃើញអ្នកផ្ទុកមេរោគនេះបន្ថែម 778ករណី ធ្វើឱ្យចំនួនអ្នកបានឆ្លងមេរោគសរុបកើនដល់ 4,636នាក់ ខណៈដែលចំនួនអ្នកបានឆ្លងមេរោគនៅអ៊ីរ៉ង់ កើនដល់ 4,747នាក់។
អ៊ីតាលី គឺជាប្រទេសដែលមានករណីស្លាប់ដោយសារ Covid-19 ច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ដោយចំនួនអ្នកស្លាប់បានឡើងដល់ 197នាក់ កើន 49ករណី បើធៀបនឹង1ថ្ងៃមុន។
ប្រទេសចិន បានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគ Covid-19 បន្ថែម 99ករណី និងអ្នកស្លាប់ចំនួន28នាក់ នាំឱ្យចំនួនអ្នកបានឆ្លងមេរោគនេះកើនដល់ 80,651នាក់ និងអ្នកស្លាប់ កើនដល់ 3,070នាក់។
កូរ៉េខាងត្បូងបន្តក្លាយជាសម្បុកមេរោគ Covid-19 ធំជាងគេលំដាប់ទី2 បន្ទាប់ពីប្រទេសចិន នៅពេលមានអ្នកឆ្លងមេរោគចំនួន 6,593នាក់ កើន 309នាក់ បើធៀបនឹង1ថ្ងៃមុន។ ប្រទេសនេះ មានអ្នកស្លាប់សរុប 43នាក់។
ប្រទេសអាល្លឺម៉ង់ មានអ្នកផ្ទុកមេរោគនេះ ចំនួន670នាក់ ខណៈដែលប្រទេសបារាំងមានចំនួន 653នាក់។
គិតមកដល់ពេលនេះ (7មីនា) ពិភពលោកទាំងមូល មានអ្នកផ្ទុកមេរោគកូរ៉ូណា ចំនួនជាង 102,050នាក់ ក្នុងនោះមានអ្នកស្លាប់ 3,494នាក់ និងអ្នកបានជាសះស្បើយ 57,611នាក់៕
ប្រភព៖ សារព័ត៌មានបរទេស