ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook បានប្រកាសថា បុគ្គលិកដែលបានឆ្លងមេរោគកូរ៉ូណាដែលធ្វើការនៅសិង្ហបុរី ធ្លាប់បានទៅកាន់ការិយាល័យនៅក្នុងទីក្រុងឡុងដ៍ កាលពីខែមុន។ ដូច្នេះ Facebook ត្រូវបង្ខំចិត្ត បិទការិយាល័យទាំងនេះ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ និងទប់ស្កាត់ការឆ្លងរាលដាល។
ក្រុមហ៊ុន Facebook នឹងបិទការិយាល័យចំនួន3 ដែលមានទីតាំងនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស រហូតដល់ថ្ងៃចន្ទ បន្ទាប់ពីបុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ បានឆ្លងមេរោគ Covid-19 និងធ្លាប់បានទៅកាន់ការិយាល័យ Facebook ទាំងនោះ ចាប់ពីថ្ងៃទី24-26កុម្ភៈកន្លងទៅ។
ចំណែកបុគ្គលិកផ្សេងៗទៀតនៅទីក្រុងឡុងដ៍ Facebook បានតម្រូវឱ្យពួកគេធ្វើការងារនៅឯផ្ទះរៀងៗខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook មានបុគ្គលិកចំនួន 3,000នាក់ កំពុងធ្វើការនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
គេមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់នោះទេដែលបានប៉ះពាល់ ឬនៅក្បែរបុគ្គលិកដែលមានផ្ទុក Covid-19នេះ ប៉ុន្តែ Facebook បានឱ្យដឹងថា ក្រុមហ៊ុននេះកំពុងខិតខំស្រាវជ្រាវលើរឿងនេះ។ បុគ្គលិកទាំងអស់ដែលធ្វើការនៅឯទីក្រុងឡុងដ៍ ត្រូវបានស្នើឱ្យនៅដាច់ដោយឡែកពីគេ ហើយត្រូវយកចិត្តទុកដាក់ប្រសិនបើពួកគេមានរោគសញ្ញាចម្លែក៕
ប្រភព៖ សារព័ត៌មានបរទេស