គិតមកដល់ម៉ោងជិត10យប់ ថ្ងៃទី6 ខែមីនា ឆ្នាំ2020 តួលេខនៃអ្នកបានឆ្លងមេរោគ Covid-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ 100,330នាក់ហើយ ក្នុងនោះគេឃើញថា ចំនួនអ្នកឆ្លងមេរោគថ្មីបន្ថែមនៅប្រទេសចិន បានថយចុះគួរឱ្យកត់សម្គាល់។
ទន្ទឺមនឹងការថយចុះនៃចំនួនអ្នកឆ្លងមេរោគកូរ៉ូណាថ្មីបន្ថែមនៅប្រទេសចិន គេឃើញថា តួលេខនៃអ្នកឆ្លងមេរោគនៅតាមបណ្ដាប្រទេសក្រៅពីប្រទេសចិន បែរជាកើនឡើងខ្លាំងគួរឱ្យព្រួយបារម្ភ។ ប្រទេសដែលមានអ្នកផ្ទុកមេរោគច្រើនជាងគេបង្អស់ក្នុងពិភពលោកក្រៅពីប្រទេសចិន មានដូចជាកូរ៉េខាងត្បូងមានអ្នកឆ្លងរោគឡើងដល់6,593នាក់ ប្រទេសអ៊ីរ៉ង់4,747នាក់ ប្រទេសអ៊ីតាលី3,858នាក់ ប្រទេសអាល្លឺម៉ង់577នាក់ បារាំង432នាក់ ជប៉ុន381នាក់ អេស្ប៉ាញ360នាក់ និងអាមេរិកមានអ្នកឆ្លងមេរោគនេះចំនួន233នាក់ រួមនឹងប្រទេសផ្សេងៗជាច្រើនទៀត។
ក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាច្រើនជាងគេបង្អស់ គេឃើញថាប្រទេសអ៊ីតាលីបានឈរលំដាប់់លេខ2 បន្ទាប់ពីប្រទេសចិន ដោយមានអ្នកស្លាប់សរុបចំនួន148នាក់។ ឈរលេខ3 គឺប្រទេសអ៊ីរ៉ង់ ដោយមានអ្នកស្លាប់124នាក់ និងកូរ៉េខាងត្បូងមានអ្នកស្លាប់ចំនួន42នាក់។
នៅប្រទេសកម្ពុជាវិញ មកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីករណីបាត់បង់ជីវិតដោយសារមេរោគកូរ៉ូណានៅឡើយ។ ប៉ុន្តែ កម្ពុជាមានមនុស្សចំនួន44នាក់កំពុងត្រូវបានដាក់ឱ្យនៅក្រោមការតាមដានសុខភាពពីសំណាក់ក្រសួងសុខាភិបាលនៅឯខេត្តសៀមរាប ក្នុងនោះមាន4នាក់ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ព្រោះសង្ស័យថា បានឆ្លងមេរោគកូរ៉ូណាពីបុរសជនជាតិជប៉ុនម្នាក់ ដែលបច្ចុប្បន្នជនជាតិជប៉ុនម្នាក់នោះ កំពុងទទួលការព្យាបាលនៅឯប្រទេសជប៉ុន៕