នៅពេលរោគរាតត្បាត Covid-19 បានឆ្លងរាលដាលពាសពេញពិភពលោក ព្រមទាំងមានភាពស្មុគស្មាញខ្លាំង អ្នកស្រុក Wuhan ដែលបានជាប់នៅខាងក្រៅតំបន់នេះ ក៏នាំគ្នាវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនដែលជាសម្បុកមេរោគដំបូងនៃ Covid-19។
តំបន់ Wuhan នៃខេត្ត Hubei ហាក់ត្រូវបានកាត់ផ្ដាច់ពីពិភពលោកខាងក្រៅ ចាប់តាំងពីថ្ងៃទី 23មករា ឆ្នាំ2020 បន្ទាប់ពីរដ្ឋាភិបាលចិន បានអនុវត្តវិធានការដែលមិនធ្លាប់មានពីមុនមក នោះគឺ បិទការចេញ-ចូលខេត្ត Hubei ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃរោគរាតត្បាត Covid-19។
នៅពេលស្ថានភាព Covid-19 នៅប្រទេសចិន ចាប់ផ្ដើមត្រូវបានគ្រប់គ្រងបន្តិចម្ដងៗ ប្រជាជនមួយចំនួនដែលមានស្រុកកំណើតនៅក្នុងខេត្ត Hubei ដែលបានជាប់នៅខាងក្រៅខេត្តនេះ ព្រោះតែបម្រាមគោចរ ពេលនេះ អាចត្រឡប់មកស្រុកវិញ ដោយពួកគេជឿថា ផ្ទះគឺនៅតែជាកន្លែងសុវត្ថិភាពបំផុត។ នេះបើតាមសារព័ត៌មាន AFP។
ស្ត្រីម្នាក់ឈ្មោះ Zhao មានអាយុ 30ឆ្នាំ ដែលវិលត្រឡប់មកស្រុកកំណើតនៅឯទីក្រុង Wuhan ជាមួយស្វាមីនាងឈ្មោះ Gao បានឱ្យដឹងថា “មនុស្សដែលមកពីបរទេស មកកាន់ប្រទេសចិន អាចធ្វើឱ្យមានការផ្ទុះឆ្លងរាលដាលនៃមេរោគ Covid-19 ជាថ្មីម្ដងទៀត ដូច្នេះ នៅក្នុងទីក្រុង Wuhan អាចជាកន្លែងមានសុវត្ថិភាពនៅពេលនេះ”។
Zhao បានប្រាប់ថា ពួកគេបានដឹងថា នៅឯស្រុកកំណើតនាទីក្រុង Wuhan ត្រូវបានគេបិទការចេញ-ចូល នៅពេលដែលខ្លួនកំពុងស្ថិតនៅក្នុងទីក្រុង Changchun នៃខេត្ត Jilin។ នៅទីនេះ ពួកគេព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រួសារដែលកំពុងនៅក្នុងទីក្រុង Wuhan ហើយពេលខ្លះ ពួកគេត្រូវអ្នកស្រុកផ្សេងរើសអើង ព្រោះតែមកពីពួកគេមកពី Wuhan។
ពេលបានមកដល់ Wuhan ដែលជាស្រុកកំណើត ពួកគេ (Zhao និង Gao) មានការសប្បាយចិត្តជាខ្លាំង។ ក៏ប៉ុន្តែ ពួកគេមិនទាន់បានជួបជុំគ្រួសារម្ដងណាឡើយ ដោយសារត្រូវអាជ្ញាធរដាក់ឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល 14ថ្ងៃដើម្បីតាមដានសុខភាព។
Gao និយាយថា ឪពុកម្ដាយរបស់គាត់ សំណាងណាស់ដែលនៅមានសុខភាពល្អ ប៉ុន្តែ មិត្តភក្ដិមួយចំនួនរបស់គាត់ បានឆ្លងមេរោគ Covid-19 នេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី អ្នកស្រុក Wuhan បានចាប់ផ្ដើមនាំគ្នាត្រឡប់មកស្រុកកំណើតវិញ។ Zhao និយាយថា “ដំណាក់កាលគួរឱ្យខ្លាចបំផុតបានកន្លងផុតទៅហើយ”។
បើទោះជាបម្រាមគោចររបស់អាជ្ញាធរ បានកាត់បន្ថយការធ្វើដំណើរចេញ-ចូលខេត្ត Hubei ពិសេសគឺទីក្រុង Wuhan ក៏ប៉ុន្តែ រថភ្លើងល្បឿនលឿន នៅតែធ្វើដំណើរកាត់តាមខេត្តនេះ និងតែងឈប់នៅស្ថានីយមួយកន្លែងក្នុងទីក្រុង Wuhan។ ដូច្នេះ ការធ្វើដំណើរត្រឡប់ចូលស្រុកកំណើតវិញ គឺអាចធ្វើទៅបាន ប៉ុន្តែ វានៅមានការលំបាកខ្លាំងនៅឡើយ។
គិតមកដល់ថ្ងៃទី 6មីនានេះ ប្រទេសចិន មានអ្នកឆ្លងមេរោគកូរ៉ូណា Covid-19 សរុបចំនួន 80,556នាក់ ក្នុងនោះមានអ្នកស្លាប់ 3,042នាក់ ខណៈពិភពលោក មានអ្នកផ្ទុកមេរោគសរុប 100,330នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 3,408នាក់៕
ប្រភព៖ សារព័ត៌មានបរទេស