រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថា មនុស្សទាំង4នាក់ (ស្រី2នាក់ ប្រុស2នាក់) ដែលត្រូវបានដាក់នៅក្នុងបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ នៅមានសុខភាពល្អធម្មតា និងមិនទាន់មានរោគសញ្ញាអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី6មីនានេះ។
មនុស្សទាំង4នាក់ខាងលើ ក៏បានប្រាប់អ្នកតំណាងក្រសួងសុខាភិបាលដែរថា នៅកន្លែងធ្វើការរបស់ជនជាតិជប៉ុនម្នាក់ដែលពួកគេធ្វើការជាមួយនោះ បានអនុវត្តវិធានការការពារសុខភាពបានល្អណាស់។ ពួកគេបាននិយាយថា ជនជាតិជប៉ុនម្នាក់នោះ តែងឱ្យពួកគេឈរចម្ងាយ1ម៉ែត្រពីគាត់ នៅពេលនិយាយគ្នា បន្ទាប់ពីគាត់ដឹងថា ខ្លួនគាត់មិនសូវស្រួលខ្លួន។ នេះបើតាមសារព័ត៌មាន AKP។
ជនជាតិជប៉ុនម្នាក់ខាងលើនេះ ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ មុននឹងបានត្រឡប់មកកាន់កម្ពុជា រួចចាកចេញពីខេត្តសៀមរាបទៅកាន់ប្រទេសជប៉ុន។
គិតមកដល់ពេលនេះ រោគរាតត្បាត Covid-19 បានរាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក ក្នុងនោះ មានប្រទេសមួយចំនួនដែលរងផលប៉ះពាល់ច្រើនជាងគេក្រៅពីប្រទេសចិន ដូចជា ប្រទេសកូរ៉េខាងត្បូង (មានអ្នកជំងឺ 6,593នាក់) ប្រទេសអីតាលី (មានអ្នកជំងឺ 3,858នាក់) ប្រទេសអ៊ីរ៉ង់ (មានអ្នកជំងឺ 3,513នាក់) រួមនឹងប្រទេសជាច្រើនផ្សេងទៀត៕
ប្រភព៖ សារព័ត៌មានបរទេស