សមាជិកសភាបារាំងម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាន់ដើម្បីព្យាបាលជំងឺ បន្ទាប់ពីពិនិត្យឃើញថា មានផ្ទុកមេរោគកូរ៉ូណា Covid-19។
សភាជាន់ទាបរបស់បារាំង បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី 5មីនា ឱ្យដឹងថា តំណាងរាស្ត្រមួយរូបរបស់ប្រទេសនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបានឆ្លងវីរុស Covid-19 ដែលមេរោគនេះកំពុងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។
បុគ្គលិកម្នាក់ដែលធ្វើការនៅក្នុងវិមានសភាបារាំង ក៏ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណានេះដែរ ហើយក៏កំពុងបង្ខាំងខ្លួននៅឯផ្ទះ។ ក្នុងសេចក្ដីប្រកាសខាងលើ ក៏បានឱ្យដឹងថា បុគ្គលិកម្នាក់ផ្សេងទៀតដែលធ្វើការនៅក្នុងអាហារដ្ឋានរបស់ក្រុមអ្នកតំណាងរាស្ត្របារាំង ក៏ត្រូវបានសង្ស័យថា បានឆ្លងមេរោគកូរ៉ូណា ក្រោយមកបុគ្គលិកម្នាក់នេះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សេចក្ដីប្រកាសរបស់សភាជាន់ទាបបារាំង មិនបានប្រាប់ឱ្យដឹងអំពិឈ្មោះរបស់សមាជិកសភាដែលបានឆ្លងមេរោគកូរ៉ូណានេះនោះទេ ប៉ុន្តែ បានសង្កត់ធ្ងន់ថា មនុស្សទាំងអស់ដែលធ្វើការនៅក្នុងវិមានសភានេះ ត្រូវបានជូនដំណឹងរួចរាល់ហើយអំពីករណីខាងលើ។ នេះបើតាមសារព័ត៌មាន Straits Times។
កាលពីថ្ងៃទី5មីនាកន្លងទៅ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបពិភាក្សាជាមួយក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកជំនាញ ដើម្បីស្វែងរកវិធីទប់ស្កាត់ការឆ្លងរាលដាលខ្លាំងនៃមេរោគ Covid-19 នៅប្រទេសនេះ។
ប្រទេសបារាំង បច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ Covid-19 ចំនួន 423នាក់ ក្នុងនោះមានអ្នកស្លាប់ 7នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង Jérôme Salomon បានឱ្យដឹងថា ក្នុងចំណោមអ្នកផ្ទុកមេរោគនេះ មានអ្នកជំងឺ 23នាក់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស